ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនជាតិថៃចំនួន០៣នាក់ ជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃចំនួន០៣នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ខណៈរកឃើញវត្ថុតាងថ្នាំញៀនសរុបចំនួន១២៨ថង់ ទម្ងន់៣៧២ក្រាម ថ្លឹងទាំងសំបក,ទូរស័ព្ទ០២គ្រឿង,ដែកកេះ០៧,សៀវភៅ០២ក្បាល,កាបូប០២,សម្ភារៈវេចខ្ចប់មួយចំនួន នៅ ថ្ងៃទី០៨  ខែមិថុនា  ឆ្នាំ២០២២  នៅចំណុចមុខអាគារបុគ្គលិកកាស៊ីណូស្នាក់នៅ ស្ថិតក្នុងភូមិក្បាលស្ពាន  សង្កាត់និងក្រុង  ប៉ោយប៉ែត  ។

 សមត្ថកិច្ចប្រាប់ថាៈ ដោយមានការសម្របសម្រួលនិតិវិធីដោយ  លោកលឹម ប៊ុនសុភក្រ័  ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនិងអនុត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល បន្ទាយមានជ័យ ។

លោកស្នងការរងបានឲ្យដឹងទៀតថា៖ ដំបូងកម្លាំងនគរបាលយើងបង្រ្កាបបានជនសង្ស័យ០២នាក់ មាន៖១/-ឈ្មោះ កៀតតិគុណ ថងខាំ  ហៅក្រៅ ប៉េត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ ,២/-ឈ្មោះ ណាត់ថាវាត់ ស៊ីរ៉ាកែវ ហៅក្រៅ ឆានុណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ និង ដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន  ៧ថង់។

លោកស្នងការរង  ធិន ស៊ិនដេត បានបញ្ជាក់ប្រាប់ទៀតថា៖ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ កៀតតិគុណ ថងខាំ  ហៅក្រៅ ប៉េតនិងឈ្មោះ ណាត់ថាវាត់ ស៊ីរ៉ាកែវ ហៅក្រៅ ឆានុណ កម្លាំងនគរបាលបានបន្តឃាត់ខ្លួនមេខ្លោងបាន  ០១នាក់ទៀត ឈ្មោះ ផានុវាត់ អកតាក់ឡាត  ហៅក្រៅ អប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ  នៅក្នុងអគារស្នាក់នៅរបស់បុគ្គលិក ជាន់ទី២ បន្ទប់លេខ A5 ស្ថិតក្នុងភូមិក្បាលស្ពាន  សង្កាត់/ក្រុង  ប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ នឹងឆែកឆេរ ដកហូតវត្តុតាងរួមមាន៖   ១-ម្សៅក្រាមសថ្លា ចំនួន១២១ថង់ ។

លោកស្នងការរង បានប្រាប់ទៀតថា៖ឆ្លងតាមការសាកសួរចម្លើយ ពួកគេបានសារភាពថានេះជាលើកទី១ ដែលពួកគេបានប្រព្រឹត្តរបររកស៊ីលក់គ្រឿងញៀននេះ ។មួយទៀតមេខ្លោងឈ្មោះផានុវាត់ អកតាក់ឡាត  ហៅក្រៅ អប នេះធ្លាប់ជាប់ពន្ធនាគារនៅប្រទេសថៃរយៈពេល១០ឆ្នាំផងដែរ ពីបទមនុស្សឃាត នេះបើតាមចម្លើយសារភាពរបស់គេ ។បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ វណ្ណា

 

 

 


ចែករំលែក៖