ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ស្នើក្រសួងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ផ្លូវច្បាប់ ទៅលើការលក់ផលិតផលបារីអេឡិចត្រូនិក

ចែករំលែក៖

 ភ្នំពេញ៖ ក្រសួងសុខាភិបាល ស្នើអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការជួយអន្តរាគមន៍ផ្លូវច្បាប់ ទៅលើការផ្សព្វផ្សាយការលក់ផលិតផលបារី អេឡិចត្រូនិក អេចឈ៍ ធី ភី តាមរយៈបណ្តាញព័ត៌មានសង្គម។

ការថ្លែងរបស់លោក អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាអនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មា ធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងជាតំណាងលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២២នេះ ដោយមានការចូលរួមពីបណ្តាក្រសួង រាជ ធានី ខេត្ត ដែលជាសមាជិក សមាជិកាគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលេខាធិការដ្ឋាន។

លោករដ្ឋលេខាធិការបានបន្តទៀតថា បារីអេឡិចត្រូនិក ជាផលិតផលថ្មីដែលបង្កហានិភ័យធ្ងន់ធ្ងរ​ទាំងអ្នក​ប្រើប្រាស់ និងអ្នកស្រូបយកចំហាយ។ ដូច្នេះក្រសួងសុខាភិបាល សូមអំពាវនាវដល់​សាធារណជន​គប់រូប ​ដែលកំពុងប្រើប្រាស់ផលិតផលថ្នាំជក់ ​សូមលៈបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ និង​អ្នកដែលមិនទាន់ចាប់ផ្តើមប្រើប្រាស់ផលិតផលថ្នាំជក់ សូមចៀសវាងពីការប្រើប្រាស់ផលិតផល​ថ្នាំជក់ ​ផលិតផលបារីអេឡិចត្រូនិកគ្រប់ប្រភេទ ​ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពបុគ្គល គ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ និងសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្ត និង​ជំរុញការអនុវត្តច្បាប់ស្តីពី ​ការត្រួតពិនិត្យផលិតផលថ្នាំជក់​ឲ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

ទន្ទឹមនឹងនោះក្នុងនាមក្រសួងសុខាភិបាលលោក អ៊ឹង ភីរុន និងតំណាងអង្គការសុខភាពពិភព​លោក​ប្រចាំកម្ពុជា បានអបអរសាទរដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ដែល​បាន​ចេញសេចកី្តណែនាំស្តីពី ការចាត់វិធានការ បង្ការទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល បារីអេឡិចត្រូនិក អេចឈ៍ ធី ភី ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសុខាភិបាល​ ក្នុងនាមជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់កន្លងមក បាន​ចូលរួមអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់​ នៃបារីអេឡិចត្រូនិក ដល់គណៈកម្មាធិការត្រួតពិនិត្យ​ផលិត​ផលថ្នាំជក់ ស្ថាប័នពាក់ព័ន្ធ និងសាធារណជន និងបានចូលរួមសហការ​ជាមួយគណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ​ ក្នុងការចុះតាមដាន ឃាត់ ការលក់ដូរចែកចាយបារី​អេឡិចត្រូនិក។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់នេះ រៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តអនុក្រឹត្យលេខ១៤៩ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ស្តីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផល​ថ្នាំជក់ ​និងជំរុញការពង្រីកសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់​ផលិតផល​ថ្នាំជក់ ឲ្យសមស្របទៅតាមអនុសញ្ញាអន្តរជាតិស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ របស់​អង្គការ​សុខភាពពិភពលោក និងស្របតាមការវឌ្ឍនភាព​ នៃការអនុវត្តព្រមានសុខភាពជាភាសាខ្មែរ និង​ជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ​ក្នុងចំណោមប្រទេសក្នុងតំបន់៕

ដោយ៖ សូរិយា


ចែករំលែក៖