ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនបានបើករថយន្តស៊េរីទំនើបម៉ាកមែរសឺដេស លឿនពេកបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់បែកអស់ចំនួនពីរកង់ ហើយរថយន្តខូចខ្ទេចមួយកំណាត់មុខកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបប្រាសាទពេជ្រ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាកមែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AJ-2388 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សពីត្បូងទៅជើងក្នុងល្បឿនលឿន។ លុះបើកមកចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យបាក់បែកអស់ពីរកង់ ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខបើកទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះគ្នាតាមច្បាប់៕
ដោយ៖ ភារ៉ា ដង្កោ