ពិធីបង្វិលពពិល ជាពិធីដ៏សំខាន់មួយក្នុងចំណោមពិធីផ្សេងៗទៀត នៅក្នុងការរៀបមង្គលការ។ ការបង្វិលពពិលត្រូវខ្មែរប្រើប្រាស់ស្ទើរគ្រប់ពិធីទាំងអស់ដែលទាក់ទងដល់ការឆ្លងវ័យ មិនមែនតែនៅក្នុងពិធីមង្គលការនោះទេ។
ក្នុងវចនានុក្រមភាសាខ្មែរដែលចងក្រងដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត បានឲ្យនិយមន័យពពិលថា ជាប្រដាប់ធ្វើដោយលោហធាតុ មានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍សម្រាប់បិទទៀនអុជកាន់ហុចបន្តគ្នា បង្វិលបក់ផ្សែងចូលជុំវិញមនុស្ស ឬរបស់អ្វី ដើម្បីឲ្យកើតស្រីសួស្ដី។
តាមការស្រាវជ្រាវបង្ហាញថា បង្វិលពពិលក្នុងគ្រប់ពិធីទាំងអស់ គឺបង្វិលតាមប្រទក្សិណ ហើយមានតែបង្វិលពពិលក្នុងបុណ្យសពទេដែលធ្វើតាមឧត្តរពាត ដែលបញ្ច្រាសនឹងប្រទក្សិណ។ បង្វិលពពិលក្នុងបុណ្យសព គឺគេធ្វើនៅក្រោយពេលបូជា និងរើសធាតុ។
តាមការស្រាវជ្រាវបង្ហាញឲ្យដឹងទៀតថា ចំនួនជុំការបង្វិលពពិលតែងយកចំនួនលេខសេស មាន ៣ជុំ ៥ជុំ និងរហូតដល់ ១៩ជុំ។ លើកលែងតែបង្វិលពពិលក្នុងពិធីបុណ្យពុទ្ធាភិសេក ឬការអភិសេកព្រះ ដែលការបង្វិលពពិលមានច្រើនជុំ គឺរហូតដល់ជាង ១០០ជុំ។
រឿងព្រេងពីបុរាណតំណាលថា កាលពីយូរលង់ណាស់មកហើយ មានកូនស្ដេចមួយព្រះអង្គព្រះនាមថា ព្រះជ័យសុរិយារាជកុមារ នៅនគរកៃកេជម្ពូទ្វីប បានទៅស្វែងរករៀនសីល្បិ៍សាស្ត្រនឹងព្រះឥសូរនៅភ្នំកៃលាស ។ ព្រះឥសូរបានស្ដោះទឹកមាត់ដាក់ព្រះឱស នៃព្រះរាជកុមារនោះ ឱ្យមានកម្លាំងដូចដំរីសា ។ នៅពេលរៀបលាព្រះឥសូរមកព្រះនគរវិញ ព្រះកុមារក៏ទួលសុំព្រះឥសូនូវត្ថុអនុស្សាវរីយ៍មួយ សម្រាប់ពេលដែលខ្លួនរៀបអាពាហ៍ពិពាហ៍ ។ ព្រះឥសូរក៏បានប្រសិទ្ធីដីខ្សាច់ ពីភ្នំចក្រវាឡ ធ្វើជាស្លឹកពោធិ៍មាស (តំណាងយោនីរបស់ព្រះនាងឧមា មហេសីព្រះឥសូរ) និង ជប់ថ្មពីភ្នំហិមាល័យ ជាទៀនពេជ្រ (តំណាងអង្គជាតិរបស់ព្រះអង្គ) សន្មតឈ្មោះថា ពពិលរត្នន៍ ប្រទានដល់រាជកុមារ ជ័យសុរិយានោះ ។ ហេតុដូច្នេះ បានជាមានពិធីបង្វិលពពិលពីពេលនោះ រហូតមកដលសព្វថ្ងៃនេះឯង៕
(ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត)