ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកតាំងគោក៖ ជំរុញលើកទឹកចិត្ដឱ្យកសិករ បន្តដាំដំឡូងមីនិងបន្លែបន្ទាប់បន្សំ ដើម្បីជួយសម្រាលបន្ទុក គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានជំរុញលើកទឹកចិត្តឱ្យកសិករបន្តដាំដុះដំឡូងមី និងបន្លែបន្ទាប់បន្សំឱ្យបានច្រើនដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារក្នុងឱកាសអញ្ជើញចុះពិនិត្យមើលស្ថានភាពជីវភាពរស់នៅនិងការពិនិត្យមើលការដំណាំរបស់ប្រជាកសិករដែលកំពុងដាំដុះតាមចម្ការដូចជាដំឡូង ស្វាយចន្ទី ត្រសក់ ឪឡឹក ជាដើម នៅក្នុងឃុំអណ្តូង ពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

លោកអភិបាលស្រុក បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងដាំដុះដើម្បីតម្រូវការទីផ្សារនិងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុន។ប្រជាកសិករនៅឃុំបណ្ដូងពោធិ៍ស្រុកតាំងគោកភាគច្រើនប្រកបមុខរបរកសិកម្មព្រោះប្រភេទដីនៅតំបន់នោះអំណោយផលលើដំណាំកសិកម្មគ្រប់ប្រភេទហើយផលដំណាំទាំងនោះធ្វើការនាំចេញទៅខេត្តផ្សេងៗ ក៏ងាយស្រួលផងដែរ ដោយសារមានផ្លូវប្រកបដោយសុវត្ថិភាពក្នុងការដឹកជញ្ជូនតាំងពីចម្ការ រហូតដល់ផ្លូវធំក្នុងស្រុកទាំងមូល។

លោកអភិបាលស្រុកក៏បានណែនាំដល់អាជ្ញាធរឃុំឧស្សាហ៍ចុះសួរសុខទុក្ខនិងតាមដានការដាំដុះរបស់ប្រជាកសិករ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងទៅលើដំណាំត្រូវផ្ដល់នូវដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។

ប្រជាកសិករមានក្ដីរំភើបនិងរីករាយ ក្រោយដំណាំដាំដុះមានការលូតលាស់ល្អបើប្រៀបធៀបឆ្នាំមុនៗ ហើយមានថ្នាក់ដឹកនាំស្រុក ចុះសួរសុខទុក្ខ រហូតដល់ចម្ការ និងបានអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបានជួយពួកគាត់នាពេលកន្លងមក៕

ដោយ៖សំរិត


ចែករំលែក៖