ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែម លើកកម្ពស់ការប្រកួតប្រជែង និងលើកស្ទួយជីវភាពកសិករ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងពិធី, សម្តេចធិបតី បានអបអរសាទរចំពោះក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលបានសម្រេចចិត្ត ដាក់ទុនវិនិយោគក្នុងការសាងសង់រោងចក្រផលិតកែច្នៃកៅស៊ូលើផ្ទៃដីជិត ១៥ ហិកតា ក្នុងទុនវិនិយោគប្រមាណ ៣០ លានដុល្លារ និងមានសមត្ថភាពផលិតជ័រកៅស៊ូ ១០ ម៉ឺនតោនក្នុងមួយឆ្នាំ។ សមិទ្ធផលនេះបានឆ្លុះបញ្ចាំងពី សារៈសំខាន់នៃកត្តាសុខសន្តិភាព និងទំនុកចិត្តរបស់វិនិយោគិនមកលើបរិយាកាសធុរកិច្ច និងវិនិយោគរបស់កម្ពុជា។ ជាមួយគ្នានេះ, សម្តេចធិបតី បានសម្តែងការគាំទ្រពេញទំហឹងចំពោះគម្រោងសាងសង់រោងចក្រទី២ ក្នុងខេត្តរតនគិរី របស់ក្រុមហ៊ុន ជាមួយនឹងទុនវិនិយោគ ៣០ លានដុល្លារបន្ថែមទៀត។

សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា រោងចក្រផលិតកែច្នៃជ័រកៅស៊ូកម្រិតអន្តរជាតិនេះ នឹងចូលរួមចំណែក

យ៉ាងធំធេងក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារផ្ទាល់ប្រមាណ ៣០០ កន្លែង និងការងារប្រយោលជូនអ្នកចៀរជ័រកៅស៊ូប្រមាណជាង ៥ ម៉ឺនកន្លែង។ សមិទ្ធផលថ្មីនេះនឹងជួយពង្រីកទីផ្សារជ័រកៅស៊ូ, បង្កើតការងារ និងកាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល។ ជាក់ស្តែង, ចំណូលសរុបពីការលក់ផលិតផលកៅស៊ូ ក្នុងឆ្នាំ២០២៥ មានប្រមាណ ៨៣៣ លានដុល្លារ ដែលមានការកើនឡើងប្រមាណ ២៤% ធៀបនឹងឆ្នាំ២០២៤ ខណៈចំណូលពីការលក់ក្នុងស្រុកមានទំហំប្រមាណ ២២៣ លានដុល្លារ កើនឡើងរហូតដល់ ១៣១% ដែលឆ្លើយតបនឹង គោលដៅបំពេញតម្រូវការផលិតកម្មក្នុងស្រុកជាជាងការនាំចេញវត្ថុធាតុដើម។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា ក្នុងក្របខ័ណ្ឌ នៃ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» រាជរដ្ឋាភិបាល បានចាត់ទុកវិស័យឯកជនជាដៃគូសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ខណៈដែលការកែច្នៃ ផលិតផលកសិកម្ម ត្រូវបានចាត់ទុកជាការងារអាទិភាព។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបាននិងកំពុងខិតខំកែលម្អ បរិយាកាសធុរកិច្ច និង វិនិយោគនៅកម្ពុជា ដែលបានសម្រាលបន្ទុកអាជីវកម្ម ជាបន្តបន្ទាប់, និង សម្រួលប្រតិបត្តិការ អាជីវកម្ម ជាលំដាប់ ។

សម្តេចធិបតី បានបន្ថែមថា ការកែច្នៃផលិតផលកសិកម្មជាការងារអាទិភាពដើម្បីបង្កើនតម្លៃបន្ថែម លើកកម្ពស់ ភាពប្រកួតប្រជែង និងលើកស្ទួយជីវភាពប្រជាកសិករខ្មែរ។ ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាមាន ៣ដំណាក់កាល៖ ទី១. ការផលិត និងនាំចេញនូវវត្ថុធាតុដើម; ទី២. ការផលិត និងនាំចេញនូវផលិតផលពាក់កណ្តាលសម្រេច; និង ទី៣. ការនាំចេញផលិតផលសម្រេច ដែលរក្សានូវតម្លៃបន្ថែមនៅក្នុងប្រទេស។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍ កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០ ដើម្បីប្រែក្លាយពីការនាំចេញវត្ថុធាតុដើមទាំងស្រុង ទៅជាការកែច្នៃក្នុងស្រុកជា ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច។ លើសពីនេះ, សម្តេចធិបតី បានប្រកាសយ៉ាងច្បាស់ថា “ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែទទួលបានការគាំទ្រពីប្រជាជនឱ្យដឹកនាំប្រទេស រាជរដ្ឋាភិបាលនឹងនៅតែ មិនយកពន្ធលើដីធ្លីកសិកម្មនោះទេ” ដើម្បីជាការសម្រាលបន្ទុក និងការពារផលប្រយោជន៍របស់កសិករ។

បន្ថែមលើនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការសាកល្បងក្នុងការលើកទឹកចិត្តដើម្បីជំរុញខ្សែច្រវាក់ផលិត ក្នុងស្រុក លើផលិតផលមួយចំនួនដូចជា៖ ទឹកដោះគោ, មី និងស្ករស ជាដើម សំដៅកាត់បន្ថយការនាំចូល និង ឈានទៅដល់ការពង្រីកផលិតកម្មក្នុងស្រុក ជាអតិបរមា។ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការពង្រីកផលិតកម្ម ក្នុងស្រុក តាមរយៈការជួយជ្រោមជ្រែងផ្នែកពន្ធ ឬការតភ្ជាប់។ ជាក់ស្តែង, គោលគំនិតក្នុងការបង្កើត «សួនឧស្សាហកម្ម ស្វាយចន្ទី» មួយកន្លែងស្ថិតនៅខេត្តកំពង់ធំ គឺមានគោលដៅធំក្នុងការស្វែងរកទីផ្សារដែលមានតម្លៃខ្ពស់ និងមានស្ថិរភាព ដោយយកកសិករជាគោល និងផ្តល់តម្លៃខ្ពស់ដល់កសិផល។ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, និង ក្រសួងពាណិជ្ជកម្ម សហការគ្នាសិក្សាខ្សែច្រវាក់ផលិតកម្ម និងការដឹកជញ្ជូន ដើម្បីបង្កើនផលិតភាព,កាត់បន្ថយថ្លៃដើមដាំដុះ និងធានា ការតភ្ជាប់ទៅកាន់ទីផ្សារឱ្យកាន់តែមានតម្លៃថោក។

ទន្ទឹមនឹងការអភិវឌ្ឍវិស័យកសិកម្ម, កម្ពុជាបាននិងកំពុងកសាងសមត្ថភាពដឹកជញ្ជូនផលិតផលត្រង់ទៅកាន់ទីផ្សារ អន្តរជាតិ តាមរយៈគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងព្រែកជីកហ្វូណនតេជោ។ ពាក់ព័ន្ធនឹង គម្រោងព្រែកជីកហ្វូណនតេជោនេះ, សម្តេចធិបតី បានបញ្ជាក់ថា យើងមិនត្រូវសម្លឹងត្រឹមតែផលចំណេញ ឬ ខាតផ្នែកធុរកិច្ចនោះទេ ប៉ុន្តែត្រូវសម្លឹងទៅដល់ផលប្រយោជន៍សេដ្ឋកិច្ចជារួម តាមរយៈការធានាប្រព័ន្ធធារាសាស្ត្រ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមបណ្តោយព្រែកជីក។ ក្រៅពីនេះ, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនឹងប្រែក្លាយ ផ្ទៃដីកសិកម្មទៅជារោងចក្រឧស្សាហកម្មដើម្បីបង្កើតការងារ និងបង្កើនចំណូលដល់ពលរដ្ឋ ដោយដើរទន្ទឹមគ្នានឹង ការធានាឱ្យបាននូវសន្តិសុខស្បៀងរបស់ជាតិផងដែរ។

ជាទីបញ្ចប់, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ជំរុញការសាងសង់រោងចក្រ ផលិតកែច្នៃកៅស៊ូទី២ ក្នុងខេត្តរតនគិរី ជាមួយការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការបន្តកែលម្អបរិយាកាសធុរកិច្ច និង វិនិយោគ នៅកម្ពុជា ឱ្យមានភាពប្រកួតប្រជែង, ពិពិធភាព និង នវានុវត្តន៍ ព្រមទាំងបានអំពាវនាវដល់វិនិយោគិន, ធុរជន និងប្រជាពលរដ្ឋឱ្យក្ដាប់យកឱកាសពីគម្រោងវិនិយោគនេះ និងគម្រោងវិនិយោគដទៃទៀត តាមរយៈ ការប្រតិបត្តិនូវ ការធ្វើអាជីវកម្ម និងការបំពេញការងារ ប្រកបដោយ សុចរិតភាព, សច្ចធម៌ និង គុណធម៌ ចំពោះដៃគូអាជីវកម្ម និងថៅកែ៕

ដោយ៖តារា


ចែករំលែក៖