ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បើកកិច្ចប្រជុំពិភាក្សាលើសំណើសុំកាត់ឆ្វៀលដីពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ២០០២ នៃស្រុកចំនួន ៧ ក្នុងខេត្តកំពង់ធំ រួមមាន ស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង្ក ស្រុកស្ទោង និងស្រុកសន្ទុក ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។
ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សានោះដែរ លោក ងួន រតនៈ ថ្លែងថា កិច្ចប្រជុំនេះ គឺផ្តោតទៅលើការពិនិត្យពិភាក្សាករណីសំណើសុំរបស់រដ្ឋបាលខេត្តកំពង់ធំ ជូនក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងការកាត់ឆ្វៀលដីពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ២០០២ ឲ្យបានដាច់ស្រលះ នៅក្នុងខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋដែលបានកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ។
លោក អ៊ុង សំអាត លើកឡើងថា កិច្ចប្រជុំពិភាក្សាថ្ងៃនេះ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណារួមគ្នាពិភាក្សាបញ្ហា និងបង្កើតក្រុមការងារចម្រុះ ដើម្បីចុះត្រួតពិនិត្យលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ និងផ្ទៀងផ្ទាត់ លើឯកសារគតិយុត្តិ ឆ្នាំគោលដែលបានកំណត់ រយៈពេលនៃការកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែងគ្រប់ជ្រុងជ្រោយ បានជាព័ត៌មាន ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ពិនិត្យ និងចាត់ការដោះស្រាយបន្តបន្ទាប់ទៀត។៕
ដោយ៖សហការី