ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកោះកុង រៀបចំកិច្ចប្រជុំពិគ្រោះ និងផ្តល់យោបល់ពាក់ព័ន្ធករណីវិវាទដីធ្លី

ចែករំលែក៖

ខេត្ត​កោះកុង​៖​ បេីយោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​កោះកុង​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ពុធ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះថា៖​ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកបូទុមសាគរ លោកមេឃុំថ្មស ជួបប្រជុំជាមួយប្រតិភូដែលដឹកនាំដោយលោកស្រី ពោធិតី សាវត្ថី ប្រធានប្រតិភូគណៈបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពាក់ព័ន្ធករណីវិវាទដីធ្លីទំហំប្រមាណ ១៣ហិកតា ស្ថិតនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញាម្សិលមិញនេះ​ រវាងលោកស្រីម៉ៅ ណារី និងលោកស្រី លឹម មួយងីម ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប​​។ 

ក្នុងកិច្ចប្រជុំនេះលោកស្រី ពោធិតី សាវត្ថី បានស្នើឱ្យរដ្ឋបាលខេត្តជួយបំភ្លឺបញ្ហាពាក់ព័ន្ធករណីខាងលើ និងជួយជំរុញការដោះស្រាយជូនប្រជាពលរដ្ឋនៅសេសសល់។ បន្ទាប់មកលោក សុខ សុទ្ធី អភិបាលរងេខត្ត បានសារបានសាវតាខ្លះៗ នៃទីតាំងដីវិវាទខាងលើ ដីនេះជាដីឧទ្យានជាតិបូទុមសាគរ ក្រោយមករាជរដ្ឋាភិបាលបានចេញអនុក្រឹត្យអនុបយោគទំហំ ១៦៨,៨ហិកតា ឱ្យទៅក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបសាងសង់រោងចក្រធ្យួងថ្ម ៧០០មេហ្កាវ៉ាត់ តាមរយៈច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។

១-ដើម្បីដោះស្រាយផលប៉ះពាល់ផ្សេងៗក្នុងតំបន់នោះគឺបានបង្កើតគណៈកម្មការអន្តរក្រសួងមួយដែលមានសមាសភាព ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរខេត្ត ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ។

២-ការសិក្សាផលប៉ះពាល់លើទីតាំងដីជាក់ស្តែងដោយក្រុមហ៊ុន ឯករាជ្យ សិក្សាផ្ទះ ដីនិងដើមឈើហូបផ្លែ។ល។

៣-សិក្សាតម្លៃដីបានលទ្ធផលប្រជុំសម្រេចលើកសំណើរសូមការសម្រេចពីរាជរដ្ឋាភិបាល ដើម្បីដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋមានក្បាលដីពាក់ព័ន្ធ។

ក្រោយពីទទួលបានគោលការណ៍តម្លៃគណៈកម្មការអន្តរក្រសួងដែលមានក្រសួងបរិស្ថានជាប្រធាន បានសហការជាមួយក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន បានចុះដោះស្រាយជាថវិកាដែលជាសែកជូនប្រជាពលរដ្ឋព្រមទទួលយក នៅសល់តែ ០២គ្រួសារ (ម្តាយ និងកូន)ប៉ុណ្ណោះមិនព្រមទទួលយករហូតមកដល់សព្វថ្ងៃនេះ។

បន្ទាប់ពីបានស្តាប់ការបំភ្លឺជូនដោយលោក សុខ សុទ្ធី អភិបាលរងខេត្តរួចមក លោកស្រី​ប្រធាន​ប្រតិភូ​បានយល់ជ្រោតជ្រាបពាក់ព័ន្ធករណីខាងលេី​ ហេីយលោកស្រី នឹងទៅសម្របសម្រួលជាមួយលោកស្រី ម៉ៅ ណារី និងលោកស្រី លឹម មួយងីម។ ចុងបញ្ចប់ លោកជំទាវបានកោតសរសើរ និងអរគុណរដ្ឋបាលខេត្ត ដែលបានសហការល្អ ជាមួយប្រតិភូរបស់លោកស្រី៕

ដោយ​៖សហការី​


ចែករំលែក៖