ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ឆ្លងទន្លេតាមចិញ្ចើមផ្លូវបានកូនស្រីម្នាក់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនជួយយកអាសា

ចែករំលែក៖

ភ្នំពេញ​៖ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលគេឃើញស្ត្រីម្នាក់បានឈឺ​ពោះឆ្លង​ទន្លេ​នៅតាមចិញ្ចើមផ្លូវសម្រាល​បានកូន​ស្រី​មួយ​ និងត្រូវបានបងប្អូន​ប្រជាពលរដ្ឋ​ជួយយកអាសាដោយទាក់ទងទៅរថយន្តសាមុយ​មកដឹកយកស្ត្រីរងគ្រោះនិងកូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗ​កាលពីវេលា​ម៉ោង​១១និង​៣០នាទីយប់​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២២​ ជិត​ស្ថានីយ​បូម​ទឹក​បឹង​ត្របែក​ ផ្លូវ​លេខ២៧១​ ក្នុងសង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន​  ។ 

​     ស្ត្រី​ខាងលើ​មាន​ឈ្មោះ​ ឃឹម​ ដាលីន​ អាយុ​២៦ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ផលិត​នំ​ ស្នាក់នៅ​ភូមិ​មិត្តភាព​​១​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​  ។ 

​     បើតាម​សម្ដី​ស្ត្រី​ជា​ម្តាយ​បង្កើត​របស់​ ស្ត្រីជនរងគ្រោះ​ដែល​សម្រាល​កូន​នៅ​តាម​ផ្លូវ​បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ កូន​ស្រី​របស់​គាត់​បាន​ឈឺ​ពោះ​ឆ្លង​ទន្លេ​ ហើយ​ពេលនោះ​បុរស​ជា​ប្តី​ក៏បាន​ដឹកតាម​ម៉ូតូ​មាន​គ្នា​៣នាក់​ចេញ​ពី​សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ក្នុងគោល​បំណង​ទៅ​សម្រាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ឫស្សី​ស្រស់​ តែ​ពេល​មកដល់​មន្ទីរ​ពេទ្យ​បង្អែក​ឫស្សី​ស្រស់​ ស្រាប់​តែ​មន្ទីរពេទ្យ​លិច​ទឹក​  ពួកគាត់​ក៏បន្ត​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ច្បារអំពៅ​ តែ​ពេល​ទៅដល់​មន្ទីរ​ពេទ្យ​បង្អែក​ច្បារអំពៅ​ គ្រូពេទ្យ​អត់​ទទួល​ដោយ​ប្រាប់ថាកូន​ក្នុង​ផ្ទៃ​អត់​គ្រប់​គីឡូ​  ទេីប​ពួក​គាត់​សម្រេច​ដឹក​បន្ត​យក​ទៅមន្ទីរពេទ្យ​រុស្ស៊ី​  តែ​ដឹក​មក​ដល់​ជិត​ស្ថានីយ​បូម​ទឹក​ស្អុយ​បឹង​ត្របែក​ ដោយ​​ស្ត្រី​ជា​កូន​គាត់ឈឺ​ពោះ​ខ្លាំង​ពេក​មិន​អាច​ទ្រាំ​បាន​ក៏ឈប់​ម៉ូតូ​អែប​ចិញ្ចើម​ផ្លូវ​ ហេីយ​កូន​របស់​គាត់​ក៏បាន​សម្រាល​បាន​កូន​ស្រី​ម្នាក់​ដោយ​សុវត្ថិភាព​តែ​ម្តង​ទៅ​  ។ 

​   ក្នុង​ហេតុការណ៍​នេះ​ដែរ​ក៏បង្កឱ្យមាន​ការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​យកអាសា​ស្ត្រី​រងគ្រោះ​ដោយបានទាក់​ទង​ហៅ​រថយន្ត​សាមុយ​ឱ្យមក​សង្គ្រោះ​ជន​រងគ្រោះ​ដោយដឹកយកទៅ​មន្ទីរពេទ្យ​ផងដែរ​  ។ 

​   ក្រោយ​ពេល​កេីតហេតុ​ ស្ត្រី​រងគ្រោះ​ និង​កូន​តូច​ ត្រូវ​បាន​រថយន្ត​សាមុយ​ឯកជន​មក​ជួយ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​រុស្ស៊ី​ ដេីម្បី​ឱ្យក្រុម​គ្រួសារ​ពេទ្យ​ជួយ​សង្គ្រោះ​ ស្ត្រី​ខាងលើ​ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖