ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលគេឃើញស្ត្រីម្នាក់បានឈឺពោះឆ្លងទន្លេនៅតាមចិញ្ចើមផ្លូវសម្រាលបានកូនស្រីមួយ និងត្រូវបានបងប្អូនប្រជាពលរដ្ឋជួយយកអាសាដោយទាក់ទងទៅរថយន្តសាមុយមកដឹកយកស្ត្រីរងគ្រោះនិងកូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ជិតស្ថានីយបូមទឹកបឹងត្របែក ផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ស្ត្រីខាងលើមានឈ្មោះ ឃឹម ដាលីន អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ផលិតនំ ស្នាក់នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
បើតាមសម្ដីស្ត្រីជាម្តាយបង្កើតរបស់ ស្ត្រីជនរងគ្រោះដែលសម្រាលកូននៅតាមផ្លូវបានឱ្យដឹងថា មុនពេលកេីតហេតុ កូនស្រីរបស់គាត់បានឈឺពោះឆ្លងទន្លេ ហើយពេលនោះបុរសជាប្តីក៏បានដឹកតាមម៉ូតូមានគ្នា៣នាក់ចេញពីសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅក្នុងគោលបំណងទៅសម្រាលនៅមន្ទីរពេទ្យបង្អែកឫស្សីស្រស់ តែពេលមកដល់មន្ទីរពេទ្យបង្អែកឫស្សីស្រស់ ស្រាប់តែមន្ទីរពេទ្យលិចទឹក ពួកគាត់ក៏បន្តដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកច្បារអំពៅ តែពេលទៅដល់មន្ទីរពេទ្យបង្អែកច្បារអំពៅ គ្រូពេទ្យអត់ទទួលដោយប្រាប់ថាកូនក្នុងផ្ទៃអត់គ្រប់គីឡូ ទេីបពួកគាត់សម្រេចដឹកបន្តយកទៅមន្ទីរពេទ្យរុស្ស៊ី តែដឹកមកដល់ជិតស្ថានីយបូមទឹកស្អុយបឹងត្របែក ដោយស្ត្រីជាកូនគាត់ឈឺពោះខ្លាំងពេកមិនអាចទ្រាំបានក៏ឈប់ម៉ូតូអែបចិញ្ចើមផ្លូវ ហេីយកូនរបស់គាត់ក៏បានសម្រាលបានកូនស្រីម្នាក់ដោយសុវត្ថិភាពតែម្តងទៅ ។
ក្នុងហេតុការណ៍នេះដែរក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយយកអាសាស្ត្រីរងគ្រោះដោយបានទាក់ទងហៅរថយន្តសាមុយឱ្យមកសង្គ្រោះជនរងគ្រោះដោយដឹកយកទៅមន្ទីរពេទ្យផងដែរ ។
ក្រោយពេលកេីតហេតុ ស្ត្រីរងគ្រោះ និងកូនតូច ត្រូវបានរថយន្តសាមុយឯកជនមកជួយដឹកយកទៅមន្ទីរពេទ្យរុស្ស៊ី ដេីម្បីឱ្យក្រុមគ្រួសារពេទ្យជួយសង្គ្រោះ ស្ត្រីខាងលើ ៕
ដោយ ៖ ភារ៉ា ដង្កោ