ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តម៉ាកJeep ពាក់ស្លាកលេខខេមរភូមិន្ទបុករថយន្តដឹកសំរាមពីក្រោយបណ្ដាលឱ្យកម្មករប្រមូលសំរាមពីរនាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកJeep ពាក់ស្លាកលេខ ខេមរភូមិន្ទធ្វើដំណើរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីខណៈដែលកំពុងឈប់អែបចិញ្ចើមផ្លូវដើម្បីប្រមូលសំរាមពីក្រោយពេញទំហឹងបណ្តាលឱ្យកម្មករពីរនាក់ដែលកំពុងប្រមូលសំរាមរងរបួសធ្ងន់កាលពីវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ២១៧ ក្បែរស្ពានដែកចំការដូង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីមួយគ្រឿង ពណ៌លឿង បានឈប់អែបចិញ្ចើមផ្លូវដើម្បីប្រមូលសំរាមនៅចំណុចទីតាំងកើតហេតុខាងលើក្នុងទិសដៅពីត្បូងទៅជើង ខណ:នោះគេឃើញកម្មករ៣ទៅ៤នាក់កំពុងប្រមូលសំរាមដាក់ក្នុងរថយន្ត ស្រាប់តែភ្លាមនោះមានរថយន្តស៊េរីទំនើបម៉ាកJeep មួយគ្រឿង ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ01-2-5881 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសដៅគ្នាក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករថយន្តដឹកសំរាមពីក្រោយពេញទំហឹង បណ្ដាលឱ្យកម្មករប្រមូលសំរាមពីរនាក់ដែលកំពុងប្រមូលសំរាមបេុីងខ្ទាតទៅមុខរថយន្តរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។  ចំណែកអ្នកបើកបររថយន្តបង្កហេតុមិនមានរងរបួសនោះទេ គ្រាន់តែរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖