ព័ត៌មានទាន់ហេតុការណ៍៖

Man City និង Real Madrid បន្តជ័យជម្នះក្នុងវគ្គជម្រុះតាមពូលនៅ Champions League

ចែករំលែក៖

គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់ Erling Haaland បានធ្វើឱ្យ Manchester City ត្រឡប់មកវិញយ៉ាងខ្លាំង ហើយបានយកឈ្នះអតីតក្លិប Borussia Dortmund ដែលខ្លួនធ្លាប់លេងក្នុងក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន Etihad ។

Man City បាន​តស៊ូ​ជាមួយ​ក្រុម Dortmund ដែល​បាន​នាំ​មុខ​នៅ​ពេល​ដែល Jude Bellingham រកបាន១គ្រាប់នៅនាទីទី៥៦ពី​ការ​បញ្ជូន​របស់ Marco Reus។ ក្រុមរបស់លោក Pep Guardiola បានខិតខំប្រឹងប្រែងក្នុងការស្វែងរកគ្រាប់បាល់វិញ ហើយបានរកឃើញគ្រាប់បាល់តាមស្មើវិញនៅនាទី៨០ពេលដែលខ្សែការពារ John Stones បានស៊ុតបាល់បញ្ចូលទីរំលងដៃអ្នកចាំទី Alexander Meyer របស់ Dortmund ។

គ្រាប់បាល់ចុងម៉ោងរបស់ខ្សែប្រយុទ្ធ Haaland បានបង្កើតពេលវេលាដ៏ពិសេសមួយក្នុងរយៈពេល៤នាទីក្រោយមក ដោយបង្ហាញពីទម្រង់លេងល្អ និងស៊ុតបាល់បញ្ចូលទីពីការបញ្ជូនរបស់ Joao Cancelo ដែលជាគ្រាប់ជ័យជម្នះសម្រាប់ Man City ក្នុងវគ្គជម្រុះតាមពូល។

គ្រាប់បាល់របស់ Haaland គឺជាគ្រាប់ទី១៣របស់គាត់ក្នុងរដូវកាលនេះ និងជាគ្រាប់ទី២៦ក្នុង២១ប្រកួត Champions League។ អ្នកគាំទ្ររបស់ Man City មានការត្រេកអរ ព្រោះថានេះជាពេលវេលាដែលកីឡាករវ័យ២២ឆ្នាំរូបនេះត្រូវបានចុះហត្ថលេខាដើម្បីសម្រេចការប្រកួតក្របខ័ណ្ឌ Champions League។ វាមានន័យថា Man City មានការត្រឡប់មកវិញពីការប្រកួតពីរ ដែលមិនទាន់ស្គាល់ចាញ់សោះក្នុងក្របខ័ណ្ឌកំពូលមួយនេះ។

ចំណែកក្រុមអធិរាជស Real Madrid នៅអេស្ប៉ាញវិញបានយកឈ្នះក្រុមភ្ញៀវ Leipzig ក្នុងលទ្ធផល២ទល់០ ខណៈដែលគ្រាប់​បាល់​ចុង​ម៉ោងទាំង២​គ្រាប់នេះកើតឡើងនៅជិតបញ្ចប់ការប្រកួតទៅហើយ។

Leipzig បានខកខានឱកាសដ៏ល្អជាច្រើនជាមួយ Christopher Nkunkuដែលត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Thibaut Courtois ពីរដង។

Federico Valverde បានជួយឱ្យ Real Madrid នាំមុខនៅនាទីទី៨០ពីការបញ្ជូនរបស់ Vinicius Jr ។ ចំណែក Marco Asensio បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី២យ៉ាងល្អពីជ្រុងម្ខាងពីការស៊ុតបាល់ពិន័យ Free-kick របស់ Toni Kroos ដើម្បីរក្សាជ័យជម្នះផ្ទួនៗរបស់ក្រុមជើងឯកអឺរ៉ុបមួយនេះ។

នេះជាលើកទីមួយហើយដែលពួកគេបានឈ្នះការប្រកួតបើកឆាក Champions League ចំនួនពីរលើករបស់ពួកគេចាប់តាំងពីឆ្នាំ២០១៧-២០១៨ ។

ជ័យជម្នះរបស់ Real Madrid បានធ្វើឲ្យ​អ្នក​ចាត់ការទូទៅលោក Carlo Ancelotti ក្លាយ​ជា​អ្នក​ចាត់​ការ​ទី​ពីរ​ដែល​ឈ្នះ១០០ប្រកួតនៅChampions League។ មានតែវីរបុរសរបស់ Manchester United លោក Alex Ferguson ដែលបានឈ្នះការប្រកួតច្រើនជាងគេ (១០២) ច្រើនជាងលោក Ancelotti ដែលជាគ្រូបង្វឹករបស់ Real Madrid បច្ចុប្បន្ន ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Retuers/CNA)


ចែករំលែក៖