ខេត្តតាកែវ ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា ដេីម្បីទប់ស្កាត់នូវអំពើល្មើសពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ (បារី) ក្លែងក្លាយ មន្រ្តីជំនាញ បានចុះស្រាវជ្រាវ និងត្រួតពិនិត្យមើលការដាក់តាំងលក់នៅក្នុងផ្សារនានា និងនៅតាមផ្ទះលក់ទំនិញ តាមបណ្ដារាជធានី-ខេត្ត។
ប្រភពដដែលបន្តថា ក្រោយពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានចេញសេចក្ដីជូនដំណឹងស្ដីពីការចរាចរបារីក្លែងក្លាយ ក្លែងបន្លំម៉ាក នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២រួចមក ជាក់ស្ដែងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ដឹកនាំដោយលោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបផលិតផលរំលោភសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុនបារី MEVIUS នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។
នៅក្នុងប្រតិបត្តិការនេះ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញ និងដកហូតនូវផលិតផលបារីម៉ាក MEVIUS ចំនួនពីរកេសធំ ស្មើនឹង ៩៥៥ កញ្ចប់ ដែលបានដាក់តាំងលក់នៅក្នុងផ្សារតាកែវ និងនៅតាមផ្ទះលក់ទំនិញ។
ក្រោយពីមន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានដករួចហើយ ក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទីតាំងដែលបានដាក់តាំងលក់ផលិតផលបារីនេះ ក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់៕
ដោយ៖សហការី