អគ្គលេខាធិការគណៈកម្មការសន្តិសុខជាតិរុស្ស៊ី លោក Nikolai Patrushev បានបញ្ជាក់នៅថ្ងៃទី៣០ខែកញ្ញាថា អាមេរិកគឺជាភាគីដែលទទួលបានផលប្រយោជន៍ជាច្រើនពីការខូចខាតបំពង់បង្ហូរឧស្ម័នហ្គាស North Stream ។
សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា មន្ត្រីរស្ស៉ីបាននិយាយថា ការផ្ទុះដែលបណ្ដាលឱ្យលេចធ្លាយឧស្ម័ននៅក្រោមបាតសមុទ្របាល់ទិកចេញពីបំពង់ឧស្ម័នភ្ជាប់ទៅកាន់អាល្លឺម៉ង់ គឺជាការវាយប្រហារធ្វើឡើងដោយ «រដ្ឋគាំទ្រភេរវកម្ម» ដោយមិនបានបង្ហាញភស្ដុតាង ឬក៏មិនបញ្ចេញឈ្មោះប្រទេសណាមួយឡើយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់ដូច្នេះថា «នេះទំនងជាសកម្មភាព ភេរវកម្មដែលអាចមានជាប់ពាក់ព័ន្ធនឹងរដ្ឋណាមួយ ហើយវាពិតជាពិបាកស្រមៃណាស់ដែលសកម្មភាពភេរវកម្មរបៀបនេះបានកើតឡើងដោយមិនមានការចូលរួមពីរដ្ឋគាំទ្រភេរវកម្មនោះ»។ ក៏ប៉ុន្តែលោកប៉េសកូវ មិនបានបញ្ចេញភស្ដុតាងដើម្បីគាំទ្រការលើកឡើងរបស់លោក ឬក៏និយាយចំឈ្មោះប្រទេសណាមួយនោះទេ។
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ដដែលនោះដែរថា ទីក្រុងវ៉ាស៊ីនតោននឹងទទួលបានផលចំណេញពីការបង្កើនការលក់ឧស្ម័នរាវ (LNG) ប្រសិនបើបំពង់ឧស្ម័ន
រុស្ស៉ីគាំងដំណើរការ ឬបិទទាំងស្រុង។ តែទោះជាយ៉ាងនេះក្ដី សហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់បែបនេះ ខណៈដែលក្រុមមន្ត្រីអឺរ៉ុបបានរាយការណ៍ថា នាវាចម្បាំងនិងនាវមុជទឹករុស្ស៉ី បានធ្វើសកម្មភាពនៅក្បែរតំបន់ដែលលេចធ្លាយឧស្ម័ន រីឯលោក ប៉េសកូវ ក៏បានអះអាងដែរថា យោធាណាតូក៏មានវត្តមាននៅក្នុង តំបន់នេះដូចគ្នានេះដែរ។
គួរបញ្ជាក់ថា ខណៈដែលការស៊ើបអង្កេតកំពុងធ្វើឡើងជុំវិញការផ្ទុះដែលបណ្ដាលឱ្យលេចធ្លាយឧស្ម័នចេញពីបំពង់ឧស្ម័ន Nord Stream 1 និង Nord Stream 2 នៅក្រោមបាតសមុទ្របាល់ទិក កាលពីដើមសប្ដាហ៍នេះ ក្រុមមន្ត្រីអឺរ៉ុបបានបញ្ជាក់ថា ការលេចធ្លាយនេះគឺការបំផ្លិចបំផ្លាញដោយចេតនា៕ ដោយ៖ ធីរីណា
រូបថត៖ Shutterstock