ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ​ ក.ប.ប. រកឃើញ និងដកហូតនូវផលិតផលបារីម៉ាក MEVIUS ចំនួនពីរកេសធំ ដែលបានដាក់តាំងលក់​នៅក្នុងផ្សារតាកែវ និងនៅតាមផ្ទះលក់ទំនិញ

ចែករំលែក៖

ខេត្តតាកែវ ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​នាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា​ ដេីម្បី​ទប់ស្កាត់នូវអំពើល្មើសពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ (បារី) ក្លែងក្លាយ​ មន្រ្តីជំនាញ​ បានចុះស្រាវជ្រាវ​ និងត្រួត​ពិនិត្យ​មើល​ការដាក់តាំងលក់​នៅក្នុងផ្សារនានា និងនៅតាមផ្ទះលក់ទំនិញ​ តាមបណ្ដារាជធានី​-ខេត្ត​។ 

ប្រភពដដែលបន្តថា​ ក្រោយពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានចេញសេចក្ដីជូនដំណឹងស្ដីពីការចរាចរបារីក្លែងក្លាយ ក្លែងបន្លំម៉ាក នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២រួចមក ជាក់ស្ដែងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ​ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ដឹកនាំដោយលោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការ​ត្រួតពិនិត្យ និងបង្រ្កាបផលិតផលរំលោភសិទ្ធិផ្ដាច់មុខ​របស់ក្រុមហ៊ុនបារី MEVIUS នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។

នៅក្នុងប្រតិបត្តិការនេះ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញ និងដកហូតនូវផលិតផលបារីម៉ាក MEVIUS ចំនួនពីរកេសធំ ស្មើនឹង ៩៥៥ កញ្ចប់ ដែលបានដាក់តាំងលក់​នៅក្នុងផ្សារតាកែវ និងនៅតាមផ្ទះលក់ទំនិញ។

ក្រោយពីមន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានដករួចហើយ ក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទីតាំង​ដែលបានដាក់តាំងលក់ផលិតផលបារីនេះ ក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់៕

ដោយ​៖សហការី​


ចែករំលែក៖