ខេត្តប៉ៃលិន៖ តាមរបាយការណ៍ពីមន្ត្រីនគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋានខេត្តប៉ៃលិនបានឱ្យដឹងថា នៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃអង្គារ ៥កេីត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មានករណីភ្លើងឆេះផ្ទះ០១កន្លែងស្ថិតនៅចំណុចភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុង/ ខេត្តប៉ៃលិន។
ប្រភពពីមន្ត្រីនគរបាលជំនាញពន្លត់អគ្គិភ័យបានបន្តថា ម្ចាស់ផ្ទះឈ្មោះ រាំង សារុំ ភេទប្រុស អាយុ៦៥ឆ្នាំ ប្រពន្ធឈ្មោះ សរ ចន្ធី ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរ លក់ដូរអីវ៉ាន់ចាប់ហួយ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន។
បើតាមប្រភពពីម្ចាស់ផ្ទះបានប្រាប់មន្ត្រីនគរបាលជំនាញពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តបន្តទៀតថា មុនពេលកើតហេតុពួកគាត់រវល់នៅមុខផ្ទះ ស្រាប់តែមានភ្លើងឆេះបណ្តាលមកពីទុស្សេខែ្សភ្លើងបណ្ដាលឱ្យខូចខាតសម្ភារមានដូចជា៖ ទី១ផ្ទះចំនួន១ខ្នង ថ្មក្រោម ឈើលើ ប្រក់ស័ង្កសី (ខូចខាតទាំងស្រុង) ផ្ទះទំហំ ៤មx៩ម, លុយដុល្លារសរុបចំនួន២០០០$, លុយរៀលចំនួន ២.០០០.០០០៛, ចិញ្ចៀនផ្លាទីនចំនួន០២ វង់, ទូរស័ព្ទចំនួន០១គ្រឿង ព្រមទាំងសម្ភារក្នុងផ្ទះខូចខាតទាំងស្រុង។
នៅពេលមានភ្លើងឆេះនេះ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ឯក ឃ្លោក សាឡន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យចេញរថយន្តចំនួន ០២គ្រឿង សហការជាមួយកម្លាំងវេនប្រចាំបញ្ជា កម្លាំងអធិការដ្ឋានក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរតាវ៉ៅ ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តទើបភ្លើងត្រូវបានពន្លត់ចប់នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃខែឆ្នាំដដែល ៕
ដោយ៖ ស សារ៉េត