ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តផ្តល់សម្ភារៈសង្រ្គោះផ្ទៃទឹក ដល់កងពលតូចលេខ៧០ និង៧១១

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ បានបន្តផ្តល់សម្ភារៈសង្គ្រោះផ្ទៃទឹក ជូនដល់ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះ​មហន្តរាយ​៧១១និងកងពលតូចលេខ ៧០ ដោយសម្ភារៈទាំងនេះ ក្រោម អធិបតីភាពលោកហង្ស សាមឿន អនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ 

ថ្លែងក្នុងឱកាសផ្តល់និងទទួលនោះលោកហង្សសាមឿន បានកោតសរសើរ វាយតម្លៃខ្ពស់​ចំពោះស្មារតី​​យកចិត្តទុកដាក់របស់កងពលតូចលេខ៧០ និងកង​ប្រតិបត្តិការរុករក​និងសង្គ្រោះ​គ្រោះមហន្តរាយ៧១១ ដែលតែង តែមាន វត្តមានក្នុងការជួយសង្រ្គោះប្រជាលរដ្ឋនៅពេលមាន គ្រោះ​មហន្តរាយកើតឡើងនាពេលកន្លងមក។

លោកអនុប្រធានបានបន្តថា កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ ជាកងប្រតិបត្តិការដែលមានស្នាដៃឆ្នើម​ និងសកម្មក្នុងការ សង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយ គ្រោះ មហន្តរាយ។ តួយ៉ាងដូចជាបេសកកម្មថ្មីៗនេះ ​កងប្រតិបត្តិការរុករក​ និងសង្រ្គោះគ្រោះ​មហន្តរាយ៧១១ បានចូលរួម​យ៉ាងសកម្មក្នុង ការ រុករក និងសង្គ្រោះករណី​អគ្គិភ័យ​នៅចំណុច កាស៊ីណូ​ ហ្គ្រែនដាយមិន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីចុងឆ្នាំ២០២២​នេះ។

ក្នុងពិធីប្រគល់ និងទទួលនេះដែរ អនុប្រធានទី២​ បានថ្លែងនូវអំណរគុណដ៏​ឧត្ដុង្គឧត្ដម​បំផុត​ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ​ ដែលបាន​អនុញ្ញាតឱ្យបង្កើតកងប្រតិបត្តិការរុករង និងសង្រ្គោះគ្រោះមហន្តរាយ​១៦កងនេះឡើង ​ព្រមទាំងបានបំពាក់ឧបករណ៍សម្ភារៈ ដល់កងសង្គ្រោះតាមរយៈនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ៕

ដោយ៖ សូរិយា


ចែករំលែក៖