ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AKP នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក ហោ សារុន រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម អញ្ជើញដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបៃ (Noi Bai) រដ្ឋធានីហាណូយ ប្រទេសវៀតណាម ដោយសុវត្ថិភាព នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
នាឱកាសនោះដោយមានការអញ្ជើញទទួលស្វាគមន៍ពីលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម និងលោកស្រី Le Hoang Yen អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាវៀតណាម។
ភ្លើងគប់នេះ ត្រូវបានដង្ហែយកទៅរក្សាទុកនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ដើម្បីត្រៀមរៀបចំពិធីរត់ភ្លើងគប់ នៅរដ្ឋធានីហាណូយ ជុំវិញបឹង Ho Guom ជាផ្លូវការ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ៕
ដោយ៖ សហការី