ខេត្តកោះកុង៖ លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានមានប្រសាសន៍ថា៖ «ដើម្បីបង្កើនចំនួនសត្វព្រៃនិងទប់ស្កាត់ការបាត់បង់ពូជសត្វព្រៃដែលបណ្តាលមកពីការដាក់អន្ទាក់និងការបរបាញ់ទាមទារនូវការផ្លាស់ប្តូរយុទ្ធសាស្រ្តអភិរក្សនិងកិច្ចអន្តរាគមន៍ដែលមិនធ្លាប់មានពីមុនមកតាមរយៈវិធីសាស្ត្រទំនើបប្រកបដោយភាពច្នៃប្រឌិតខ្ពស់។» លោកបានបន្ថែមទៀតថា៖ «យើងត្រូវផ្តល់ជម្រកសុវត្ថិភាពមួយដល់សត្វព្រៃហើយ វាក៏ជាទីកន្លែងមួយដែលជីវៈចម្រុះត្រូវផ្តាច់ចេញពីការគំរាមកំហែងគ្រប់សកម្មភាពរបស់មនុស្សព្រមទាំងជាតំបន់មួយដែលមានការគ្រប់គ្រងដោយមានប្រសិទ្ធភាពខ្ពស់ផងដែរ»។
អង្គការដៃគូអភិរក្សជាច្រើនបានលើកឡើងអំពីសារៈសំខាន់នៃការការពារព្រៃឈើ និងសត្វព្រៃរបស់កម្ពុជា។ លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានមានប្រសាសន៍ថា៖ «ការបញ្ឈប់ទំលាប់នៃការដាក់អន្ទាក់ដ៏គ្រោះថ្នាក់នឹងនាំមកនូវផលប្រយោជន៍យូរអង្វែងចំពោះសត្វព្រៃ ទីជម្រកនិងប្រជាជន។ យើងរួមគ្នាការពារជីវៈចម្រុះដ៏អស្ចារ្យរបស់ប្រទេសកម្ពុជានិងលើកស្ទួយជីវៈភាពសហគមន៍និងសុខភាពសាធារណៈដែលធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន»។
លោក អ៊ុំ សូនី នាយកអង្គការអភិរក្សអន្តរជាតិ (CI) ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ការប្រើប្រាស់អន្ទាក់គឺជាការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិតរបស់សត្វព្រៃនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវាញដែលក្នុងមួយឆ្នាំៗអន្ទាក់ទាំងអស់នោះបានសម្លាប់សត្វព្រៃជាច្រើនយ៉ាងស្ងៀមស្ងាត់។ យើងមិនអាចបណ្តោយឱ្យរឿងនេះបន្តកើតមានឡើងទៀតទេ។ ក្នុងនាមយើងជាបុគ្គលម្នាក់ៗ យើងអាចធ្វើការផ្លាស់ប្តូរបានដោយបង្កើនការយល់ដឹង និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការដាក់អន្ទាក់លើសត្វព្រៃ ប្រឆាំងការបរិភោគសត្វព្រៃ គាំទ្រកិច្ចខំប្រឹងប្រែងលើការងារអភិរក្សនិងការស្វែងរកមតិគាំទ្រដើម្បីឱ្យមានការអនុវត្តច្បាប់តឹងរឹងជាងមុនប្រឆាំងនឹងការប្រព្រឹត្តិអំពើជួញដូរខុសច្បាប់លើសត្វព្រៃទាំងនេះ។ នេះគឺជាពេលដែលយើងត្រូវតែចាត់វិធានការ និងការពារសត្វព្រៃដ៏មានតម្លៃរបស់យើងមុនពេលយឺតពេលទៅហើយនោះ។»
លោក គង់ មុនីច័ន្ទ នាយកប្រចាំប្រទេសកម្មវិធី MJP Foundation បញ្ជាក់ថា៖ «ការអភិរក្ស និងការពារសត្វព្រៃ គឺជានិន្នាការរួមនៃពិភពលោក។ បទពិសោធន៍នៅប្រទេសជាច្រើនបានបញ្ជាក់ឲ្យឃើញថា ការអភិរក្សសត្វព្រៃបានផ្តល់មកវិញនូវផលប្រយោជន៍ សេដ្ឋកិច្ច សហគមន៍ និងប្រទេសទាំងមូល។ ការសិក្សាថ្មីៗនេះបានបញ្ជាក់ឲ្យដឹងថា នៅមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅក្នុងតំបន់ព្រៃនានានៃប្រទេសកម្ពុជាយើង ក្នុងនោះរួមមានទាំងប្រភេទសត្វព្រៃកម្រនិងជិតផុតពូជផងដែរ។ ការបញ្ឈប់នូវការបរបាញ់ដាក់អន្ទាក់ចាប់សត្វព្រៃនិងប្តូរមកជាការជួយការពារសត្វព្រៃគឺជាជម្រើសមួយដ៏ត្រឹមត្រូវសម្រាប់កម្ពុជា។ យុទ្ធនាការអន្ទាក់សូន្យ គឺជាសំឡេងដាស់តឿនដ៏ប្រសើរនិងទាន់ពេលវេលាក្នុងការជួយប្តូរទស្សនាទានប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យងាកមកចូលរួមសង្គ្រោះ និងអភិរក្សសត្វព្រៃដ៏កម្រនិងមានតម្លៃនៃប្រទេសយើង»។
កញ្ញា Christel Griffioen នាយកប្រចាំប្រទេសនៃអង្គការ ACCB បានយល់ឃើញថា៖ «អន្ទាក់គឺសម្លាប់មិនរើសមុខឡើយ និង បង្ករបួសយ៉ាងធ្ងន់ធ្ងរដល់សត្វជាច្រើនប្រភេទក្នុងតំបន់ការពារធម្មជាតិ។ ការបរិភោគសាច់សត្វព្រៃអាចមានផលប៉ះពាល់ដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ហើយដរាបណាមនុស្សយើងនៅតែបន្តបរិភោគសាច់សត្វព្រៃនោះការដាក់អន្ទាក់នឹងនៅតែបន្ត។ យើងត្រូវតែចូលរួមទាំងអស់គ្នាដើម្បីធ្វើការផ្លាស់ប្តូរ៖ ចូលរួមជាមួយយើងនៅក្នុងការ បញ្ឈប់ការដាក់អន្ទាក់ បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ និងការពារសម្បត្តិបេតិកភណ្ឌធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា»។
«យើងកំពុងឈរនៅលើផ្លូវបំបែកក្នុងដំណើរស្វែងរកឲ្យមានការរស់នៅសុខដុមរម្មនាជាមួយនឹងធម្មជាតិ។ សត្វព្រៃកំពុងតស៊ូរស់រានមានជីវិត ដោយសារមានបញ្ហាប្រឈម និងការគំរាមកំហែងកាន់តែខ្លាំងក្ខាឡើងដូចជា ការបាត់បង់ និងខូចខាតនៃប្រភេទទីជម្រកធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់។ អន្ទាក់គឺជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតមួយក្នុងប្រទេសកម្ពុជា ដែលនាំឱ្យប្រភេទសត្វព្រៃមួយចំនួនឈានទៅដល់ការជិតផុតពូជពីធម្មជាតិ។ យើងត្រូវចាត់វិធានការឥឡូវនេះលើសពីអ្វីដែលយើងបាននិងកំពុងធ្វើ ដើម្បីជួយសង្រ្គោះសត្វព្រៃពីគ្រោះថ្នាក់ដ៏កំណាចនេះ ដែលស្ទើរតែមើលមិនឃើញ និងកើតមានឥតស្រាកស្រានសម្រាប់មនុស្សជំនាន់នេះនិងជំនាន់ក្រោយ។ ការចូលរួមជាវិជ្ជមានដោយផ្ទាល់ពីភាគីពាក់ព័ន្ធគ្រប់ស្រទាប់ វណ្ណៈទាំងអស់រួមជាមួយនឹងការ អនុវត្តច្បាប់យ៉ាងតឹងរ៉ឹងនិងការដាក់ទោសទណ្ឌ គឺជារឿងចាំបាច់»។ នេះជាការលើកឡើងរបស់លោក ផាប្លូ ស៊ីណូវ៉ាស នាយកប្រចាំប្រទេសកម្ពុជានៃអង្គការសត្វព្រៃ និងរុក្ខជាតិ។
វីតាល់ ក្នុងនាមជាវិស័យឯកជន សូមចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ ការ ពារធម្មជាតិ ដំណាក់កាលទី២ តាមរយៈមូលនិធិ ២៥៛ ដែលជាការបរិច្ចាគពីសំណាក់អតិថិជននិងអ្នកប្រើប្រាស់ផលិតផលវីតាល់ ដោយក្រុមហ៊ុនបានកាត់ចេះប្រាក់ចំណេញចំនួន ២៥រៀល ក្នុង១ដប បង្វិលចូលមូលនិធិសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពបរិស្ថាន សប្បុរសធម៌ និងការងារសង្គមនានា។ បូរេប្រទាន នេះ បានជម្រុញទឹកចិត្តឱ្យវីតាល់បន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់ការបង្កើតអោយមានគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងសកម្មភាពទាក់ទងជាមួយបរិស្ថាន។
សន្និសីទសារព័ត៌មានត្រូវបានរៀបចំនៅមន្ទីរបរិស្ថានខេត្តកោះកុង និងមានការចូលរួមពីលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានយុទ្ធនាការអន្ទាក់សូន្យលោកឈ រតនៈ អនុរដ្ឋលេខាធិការក្រសួង បរិស្ថាន លោក អន សុធារិទ្ធ អភិបាលរងខេត្តតំណាងឲ្យលោកស្រីមិថុនា ភូថង អភិបាលនៃគណៈអភិបាល ខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងមន្ត្រីជាច្រើនរូបទៀត រួមជាមួយអង្គការដៃគូអភិរក្ស ដៃគូអភិវឌ្ឍន៍ចំនួន១០ស្ថាប័ននិងសមាជិកសារព័ត៌មានចំនួន១៦ស្ថាប័ន។
បន្ទាប់ពីបញ្ចប់សន្និសីទសារព័ត៌មាននេះ នៅថ្ងៃបន្ទាប់យុទ្ធនាការនេះនឹងមានការសម្តែងផ្សេងៗដោយមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង ការឡើងប្តេជ្ញាចិត្ត ការដាក់បង្ហាញឧបករណ៍ និងវត្ថុដូចជារណារយន្ត អន្ទាក់ កាំភ្លើងកែច្នៃ និងមានក្បួនដង្ហែរតាមផ្លូវក្នុងក្រុងដែលមានអ្នកចូលរួមជាង ៥០០នាក់៕
ដោយ៖ សូរិយា