សេចក្តីថ្លែងការណ៍របស់ក្លិបបានប្រកាសថា គ្រូបង្វឹក PSV Eindhoven លោក Ruud van Nistelrooy បានចាកចេញពីក្លិបមុនការប្រកួតចុងក្រោយនៃរដូវកាលនេះ ដោយសារតែកង្វះការគាំទ្រនៅក្នុងក្លិប។
លោក Van Nistelrooy បានដឹកនាំក្រុមឈ្នះពាន Dutch Cup និង Dutch Super Cup បន្ទាប់ពីបានចូលកាន់តំណែងកាលពីខែមីនា ឆ្នាំ២០២២។
ក្លិប PSV បានប្រកាសថា ការពិភាក្សាអំពីអនាគតរបស់គាត់ត្រូវបានកំណត់សម្រាប់ថ្ងៃអាទិត្យ ប៉ុន្តែបុរសវ័យ៤៦ឆ្នាំរូបនេះបានលាលែងពីតំណែងជាបន្តបន្ទាប់។
ក្លិបដែលស្ថិតនៅលំដាប់ទី២ក្នុងលីកកំពូលហុល្លង់ Eredivisie បានអះអាងថា ពួកគេសោកស្តាយចំពោះការសម្រេចចិត្តរបស់គាត់។ PSV មាន១០ពិន្ទុតាមពីក្រោយក្រុម Feyenoord និង៣ពិន្ទុនាំមុខក្រុមចំណាត់ថ្នាក់លេខ៣ Ajax ។
ក្លិបត្រូវជៀសវាងការចាញ់ក្រោមស្នាដៃក្រុម AZ Alkmaar នៅចុងសប្តាហ៍នេះដើម្បីទទួលបានកៅអីមួយក្នុងវគ្គជម្រុះ Champions Leagueរដូវកាលក្រោយ។
ក្លិបបានបញ្ជាក់ថា “Van Nistelrooy បានប្រាប់ក្រុមជម្រើសដំបូង និងបុគ្គលិកគ្រូបង្វឹកថាគាត់នឹងលាលែងពីដំណែងដោយមានប្រសិទ្ធិភាពភ្លាមៗ ដោយសារតែខ្វះការគាំទ្រនៅក្នុងក្លិប”។
PSV សោកស្តាយចំពោះការសម្រេចចិត្តរបស់គាត់ ហើយអរគុណគាត់សម្រាប់ការឈ្នះពានរង្វាន់ Johan Cruijff Shield និង Dutch Cup ហើយសង្ឃឹមថា នឹងបញ្ចប់រដូវកាលនេះក្នុងចំណាត់ថ្នាក់លេខ២ ។ជំនួយការគ្រូបង្វឹកលោក Fred Rutten នឹងចូលកាន់តំណែងជាបណ្ដោះអាសន្ន ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)