ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនឧក្រិដ្ឋជនគ្រឿងញៀនដាក់ពន្ធនាគារជាបណ្តោះអាសន្នពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត២០០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៣នាក់ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជិត២០០គីឡូក្រាម។

   សូមបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៥:១០នាទី ដោយមានការដឹកនាំនិងសម្របសម្រួលពីលោក ស៊ន មុនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យស៊ើបការណ៍ក្រៅ (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ លោកឧត្តមសេនីយ៍ត្រី ជាវ តុលា នាយករងមន្ទីរ  លោកវរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ និងកម្លាំងការិយាល័យប្រឆាំងការសម្អាតប្រាក់ (ក៥) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  និងខេត្តកណ្តាល ចុះស្រាវជ្រាវ-ស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុកនិងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ នៅ០៥គោលដៅផ្សេងគ្នា (០៤គោលដៅ ក្នុងរាជធានីភ្នំពេញ និង០១គោលដៅ ខេត្តកណ្តាល)៖ 

  គោលដៅទី១៖ នៅចំណុចមុខក្រសួងពាណិជ្ជកម្ម មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។                   គោលដៅទី២៖ នៅចំណុចផ្ទះជួលលេខ ៦៤E១ ផ្លូវលេខ១១០ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    គោលដៅទី៣៖ នៅចំណុចបុរីពិភពថ្មី ផ្ទះលេខ១០៧ ផ្លូវE ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។               គោលដៅទី៤៖ នៅចំណុចបុរីពិភពថ្មី ផ្ទះលេខ១២៦ ផ្លូវលេខ៣៥B ភូមិត្រពាំងព្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងគោលដៅទី៥៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ចបានបន្ត ទៅឆែកឆេរនៅចំណុចផ្ទះជួលលេខ២CE1 ផ្លូវលេខ១០៩ ក្រុមទី៣១ ភូមិ៣ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

-លទ្ធផល៖

ក.ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖

1.ឈ្មោះ សេង គុន្នី ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៧៩។

2.ឈ្មោះ អុីម ស្រីពៅ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៨៥។

3.ឈ្មោះ លាស់ ណេត ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៨៤។

ខ.វត្ថុតាងគ្រឿងញៀន៖

១-ហេរ៉ូអុីន (HEROINE) ទម្ងន់១៣៨៥៨៥,៧៥ក្រាម (១៣៨ គីឡូ ៥៨៥,៧៥ ក្រាម)

២-អុិចស្តាស៊ី(MDMA) ទម្ងន់ ៤១៦១,៥៣ ក្រាម (៤ គីឡូ ១៦១,៥៣ ក្រាម)

៣-មេតំហ្វេតាមីន (METHAMPHETAMINE)  ទម្ងន់ ៤៦០៦២ ក្រាម (៤៦គីឡូ ៦២ ក្រាម)

៤-កេតាមីន (KETAMINE) ទម្ងន់ ៤៣២៦,៩៣ ក្រាម (៤គីឡូ ៣២៦,៩៣ ក្រាម)

៥-នីមេតាហ្សេប៉ាម  (NIMETAZEPAM)  ទម្ងន់ ៧៧២,២០ ក្រាម។

-សរុបរួមសារធាតុញៀនទម្ងន់៖ ១៩៣៩០៨,៤១ ក្រាម (១៩៣ គីឡូ ៩០៨,៤១ ក្រាម)

-សរុបរួមសារធាតុមិនច្បាស់ទម្ងន់៖ ២៣,២១ ក្រាម។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនត្រូវចោទទាំងនោះទៅឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖