ខេត្តបាត់ដំបង ៖ នៅថ្ងៃសុក្រទី២៦ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង១០និង៥០នាទីនៅចំណុច ក្រុម ទី០៤ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្ម គោល ខេត្ត បាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយប្រើដំបងដែកទីបវាយបានកើតឡើង មួយករណី បង្កដោយជនសង្ស័យឈ្មោះ ឌៀប វុទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ (ត្រូវជាចៅ រស់នៅផ្ទះជិតគ្នា) ស្ថិតនៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
មន្ត្រីនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ចៅប្រុសបង្កើតបានធ្វើសកម្មភាពយកដំបងដែកទីបជ្រុង វាយលេីជនរងគ្រោះឈ្មោះ កែ ស្រីង៉ាំ ភេទស្រី អាយុ៧៤ឆ្នាំ ត្រូវជាយាយបង្កេីតចំនួន០២ដំបង បណ្ដាលឱ្យរងរបួសរយះ បែកក្បាលហូរឈាមផ្នែកខាងលើត្រូវបាននាំ ទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ភ្លាមៗអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងឃាត់ខ្លួនជនសង័្សយខាងលេីនាំមកកាន់អធិការដ្ឋាននគរបាលស្រុកធ្វេីការស្រាវជ្រាវនិងដកហូតបានដែកទីបជ្រុងជាភស្តុតាងផង។
ចំពោះមូលហេតុដែលឈានដល់ករណីនេះកេីតឡេីងគឺ ជនសង្ស័យទៅដេកនៅខាងមុខផ្ទះរបស់ជនរងគ្រោះ ហើយជនរងគ្រោះបានដេញមិនឱ្យដេក ភ្លាមនោះជន សង្ស័យខឹង ក៏ទាញដំបងដែកទីបវាយក្បាលជនរងគ្រោះដែលជាជីដូនតែម្ដង។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំកសាងសំណុំរឿង ចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ ២០២៣នេះហើយ៕
ដោយ៖ សូរិយា