ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសចំណាស់ម្នាក់លង់ទឹកព្រែកនៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់បានទៅមើលមងដាក់យកត្រីនៅក្នុងព្រែកហើយមិនឃើញត្រឡប់មកផ្ទះទើបមានការសង្ស័យដល់ក្រុមគ្រួសារនាំគ្នាដើររកនិងអោយប្រជាពលរដ្ឋចុះរាវទើបប្រទះឃើញបង្កការភ្ញាក់ផ្អើលតែម្ដង។

ការចុះរាវប្រទះឃើញសពកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៣នៅចំណុចភូមិស្វាយរ៉ូង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសខាងលើមានឈ្មោះ គង់ សាន់ អាយុ៧៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ស្វាយរ៉ូង ឃុំកំពង់ចក ស្រុករំដួល។

ប្រភពបន្តថា  បន្ទាប់ពីករណីបាត់ខ្លួន បុរសរងគ្រោះក្នុងទឹកព្រែក  លោក អភិបាលស្រុករំដួល និងក្រុមការងារថ្នាក់ស្រុក-ឃុំ សហការជាមួយកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថស្រុក និងប្រជាពលរដ្ឋក្នុងភូមិស្វាយរូង ឃុំកំពង់ចក  បានជួយរុករកសព រហូតដល់វេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃដដែល ទើបបានរកឃើញ ធ្វើអោយបងប្អូនក្រុមគ្រួសារស្រែកទ្រហោយំយ៉ាងក្ដុកក្ដួលបំផុត។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់សពជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សុថាន


ចែករំលែក៖