សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ កាលពីថ្ងៃពុធសប្តាហ៍នេះបានឱ្យដឹងថា សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាថ្មីទៀតទំហំ៣០០លានដុល្លារដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំង ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវចម្រុះរាប់លានគ្រាប់ ប៉ុន្តែបានព្រមានទីក្រុងកៀវថា សព្វាវុធរបស់អាមេរិកមិនគួរត្រូវយកទៅប្រើប្រាស់ដើម្បីវាយប្រហារចូលក្នុងទឹកដីនៃប្រទេសរុស្ស៉ីឡើយ។
លោក ចន ខឺប៊ី (John Kirby) អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាមេរិកបាននិយាយយ៉ាងដូច្នេះថា «យើងមិនបានប្រាប់ពួកគេឱ្យវាយប្រហារនៅកន្លែងណា ហើយយើងក៏មិនបានប្រាប់ពួកគេមិនឱ្យវាយប្រហារនៅកន្លែងណាដែរ។ ចុងក្រោយបំផុត គឺមានតែប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងក្រុមមេបញ្ជាការយោធារបស់លោកប៉ុណ្ណោះ ដែលជាអ្នកសម្រេចចិត្តអំពីអ្វីដែលពួកគេនឹងត្រូវធ្វើ។ ទោះយ៉ាងណាក្តី ប្រាកដណាស់គឺយើងមិនចង់ឃើញការវាយប្រហារណាមួយចូលទៅក្នុងទឹកដីរុស្ស៉ី ដែលធ្វើឡើងដោយសព្វាវុធនិងបរិក្ខារយោធាដែលផ្គត់ផ្គង់ពីអាមេរិកឡើយ»។
ដោយឡែក ក្នុងកញ្ចប់ជំនួយយោធាថ្មីខាងលើ មន្ទីរបញ្ចកោណបានឱ្យដឹងថា វានឹងរួមមានគ្រាប់មីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot), មីស៉ីលការពារអាកាស AIM-7, ប្រព័ន្ធការពារដែនអាកាស Avenger, មីស៉ីលប្រឆាំងយន្តហោះ Stinger។ បន្ថែមពីនេះ រួមមានគ្រាប់រ៉ុក្កែតសម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS, គ្រាប់កាំភ្លើងធំប្រភេទ១៥៥មិលី្លម៉ែត្រ និង១០៥មិលី្លម៉ែត្រ, គ្រាប់១០៥
មិល្លីម៉ែត្ររបស់រថក្រោះ និងរ៉ុក្កែត Zuni សម្រាប់បាញ់ពីយន្តហោះ។ មិនតែប៉ុណ្ណោះ ក្នុងនោះក៏នឹងរួមមានគ្រាប់កាំភ្លើងប្រមាណជាង ៣០លានគ្រាប់ផងដែរ។
បើតាមក្រសួងការពារជាតិអាមេរិក មកទល់ពេលនេះ ការផ្តល់ជំនួយផ្នែកសន្តិសុខរបស់ទីក្រុងវ៉ាស៉ីនតោនសម្រាប់ទីក្រុងកៀវ បានកើនសរុបដល់ទំហំ៣៧.៦ពាន់លានដុល្លារហើយ គិតចាប់តាំងពី រុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕ ដោយ៖ ធីរីណា
រូបថត ៖ vtc.vn