ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី សង្ឃឹមថា ការស្នាក់នៅហូបចុករបស់ប្រតិភូ អត្តពលិក និង​មន្ដ្រី​បច្ចេកទេសទាំងអស់ នៅកម្ពុជា កំឡុងពេលប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ប្រកប​ដោយការពេញចិត្ត

ចែករំលែក៖

ភ្នំពេញ​៖​ កម្ពុជាក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី០២ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ បានរៀបចំពិធីបង្ហូត និងគោរពទង់ជាតិ ក៏ដូចជាស្វាគមន៍ប្រតិភូកីឡា គ្រប់​បណ្ដាប្រទេសសមាជិក ដែលបានអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍​កីឡាជនពិការ​ប្រចាំតំបន់លើកដំបូងនៅកម្ពុជា ដែលនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នា​ល្ងាច​ថ្ងៃ​ទី០៣ ខែមិថុនា ឆ្នាំ២០២៣ ស្អែក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

នាឱកាស​នោះ​ លោក ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា និងជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជា​ប្រធាន​គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូកីឡាទាំងអស់ ដែល​បាន​ដឹកនាំ និងធ្វើដំណើរមកចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ។

លោក​ ហ៊ុន​ ម៉ានី​ ក៏បានសុំទោស ចំពោះប្រតិភូទាំងអស់ផងដែរថា ដោយសារ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ មានបេសកកម្មក្រៅប្រទេស ទើបមិនអាចចូលរួមពិធីគោរពទង់ជាតិ និង​ស្វាគមន៍​ប្រតិភូកីឡានេះបាន ។ យ៉ាងណាមិញ​ លោក​ ​បានចាត់ទុកនេះ គឺជាឱកាស​មួយ​ដ៏​អស្ចារ្យ សម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដើម្បី​លើក​កិត្តិយស សមត្ថភាព និងការគោរពសិទ្ធរបស់បងប្អូនជនមានពិការភាព។

ជាមួយគ្នានោះ​ លោក ហ៊ុន ម៉ានី ក៏សង្ឃឹមថា ការស្នាក់នៅហូបចុករបស់ប្រតិភូ អត្តពលិក និង​មន្ដ្រី​បច្ចេកទេសទាំងអស់ នៅកម្ពុជា កំឡុងពេលប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ប្រកប​ដោយការពេញចិត្ត ដ្បិតកម្ពុជា បានប្ដេជ្ញា និងយកចិត្តទុកដាក់ខ្ពស់ លើការងារ​ទទួល​បដិសណ្ឋារកិច្ច និងការសម្របសម្រួលផ្សេងៗ ដើម្បីជំរុញ​ឲ្យ​ដំណើរ​ការ​ប្រកួត​កីឡា​សម្រាប់​បង​ប្អូន​ជន​មានពិការភាពនេះ បានប្រព្រឹត្តទៅ ដោយរលូន និងទទួលបានជោគជ័យ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា ១៣ប្រភេទ និងកីឡាសម្ដែង ១ប្រភេទ រួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយ​កូន​ឃ្លី​លើ​តុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់​បោះ​ជន​ពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាសម្ដែង គឺកីឡាអេឡិចត្រូនិកច សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមានចំនួន ៤២៩វិញ្ញាសា៕

ដោយ​៖ សហការី​


ចែករំលែក៖