ភ្នំពេញ ៖ ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ថា : ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ច្រានចោលទាំងស្រុង ចំពោះការអត្ថាធិប្បាយដែលជ្រើសរើសតែមួយជ្រុង និងធ្វើនយោបាយូបនីយកម្មរបស់លោក Volker Turk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអ.ស.ប ដែលបដិសេធស្ថានភាពពិតនៃលំហពលរដ្ឋ និង នយោបាយនៅមុនការបោះឆ្នោតជាតិនៅកម្ពុជា។ យើងសូមលើកឡើងនូវតថភាពមួយចំនួនដូចខាង ក្រោម៖
1. កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើក កម្ពស់ និងការពារសិទ្ធិមនុស្ស។ ជាប្រការមិនអាចប្រកែកបានដែលសង្គមស៊ីវិលនៅកម្ពុជា ដំណើរការដោយសេរី និងបើកចំហរ ដែលសរបញ្ជាក់ក្នុងនោះតាមរយៈតួនាទីដ៏រស់រវើក ប្រកបដោយក្តីស្ថាបនារបស់អង្គការមិនមែនរដ្ឋាភិបាលចំនួន ៦០០០ និងប្រព័ន្ធផ្សព្វផ្សាយ ជិត២០០០ ស្ថាប័ន ប្រព្រឹត្តទៅដោយសេរី គ្មានការត្រួតពិនិត្យតាមដាន និងរឹតត្បិត ដើម្បីរួម ចំណែកដល់ការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងការតាក់តែងគោល នយោបាយ ជាអាទិ៍។ លើសពីនេះ គណបក្សនយោបាយចំនួន ១៨ បានចុះឈ្មោះបោះ ឆ្នោតនៅខែកក្កដាខាងមុខ ដែលបានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីចរិតលក្ខណៈប្រជាធិប តេយ្យ និងពហុបក្សរបស់កម្ពុជា ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
2. ដើម្បីរៀបចំការបោះឆ្នោតមួយប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព.គ.ជ.ប បាន និងកំពុងប្រើប្រាស់ស្ដង់ដាតែមួយសម្រាប់គ្រប់គណបក្សទាំងអស់។ គណបក្សភ្លើង ទៀនមិនមែនជាគណបក្សតែមួយទេ ដែលបានខកខានក្នុងការចុះបញ្ជី ដោយសារកំហុស របស់ខ្លួននោះទេ។ គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្សនយោបាយមួយទៀត” ដែលពុំបានបំពេញកាតព្វកិច្ចដាក់ឯកសារដូចគ្នា ប៉ុន្តែគណបក្សនេះបានប្រកាសទទួលយក ដោយសុឆន្ទៈនូវសេចក្តីសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ។ អវត្តមាននៃគណបក្សនយោបាយ ពីរ ពីដំណើរការបោះឆ្នោត ដោយសារតែការមិនគោរពច្បាប់ មិនធ្វើឱ្យប៉ះពាល់ដល់សេរី និយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាឡើយ។ ល្គឹកណាគ្រប់គណបក្ស នយោបាយទាំងអស់ និងអ្នកគាំទ្ររបស់ខ្លួនអនុវត្តសិទ្ធិក្នុងដែនកំណត់នៃច្បាប់ នោះទើប បរិយាកាសអំណោយផលដល់ការបោះឆ្នោតអាចធានាបាន។
3. សម្ព័ន្ធភាពជាមួយគណបក្សនយោបាយ សហជីពការងារ ឬអង្គភាពពួនជ្រកក្រោមស្លាក សិទ្ធិមនុស្សណាមួយនោះ ពុំបានផ្តល់ឱ្យបុគ្គលណាម្នាក់បំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ អ្នកទាំងនោះរងបទចោទដោយផ្អែកលើបទល្មើសដែលមានចែងនៅក្នុងច្បាប់ ពុំមែនស្ថិតលើ តើពួកគេជានរណានោះទេ។ ហេតុដូច្នេះ ការចាត់ទុកការអនុវត្តច្បាប់ជាការរឹតត្បិតសេរីភាព របស់ក្រុមណាមួយនោះ គឺស្មើនឹងការមាក់ងាយចំពោះនីតិរដ្ឋ និងការអនុវត្តច្បាប់ដោយស្មើ ភាពចំពោះពលរដ្ឋទាំងអស់។
4. ការចោទប្រកាន់ថា សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ”នឹងអាចរឹតត្បិតលើសិទ្ធិ []) ដែលធានាដោយរដ្ឋធម្មនុញ្ញ” គឺជាបុរេនិច្ឆ័យលម្អៀង និងគ្មានមូលដ្ឋានទាល់តែសោះ។ តែ ផ្ទុយទៅវិញ វិសោធនកម្មនោះគឺអនុលោមទាំងស្រុងតាមមាត្រា៣៤ (ថ្មី) នៃរដ្ឋធម្មនុញ្ញ ដែលចែងថា “បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវចែង ក្នុងច្បាប់បោះឆ្នោត។ ជាងនេះទៅទៀត សេចក្តីព្រាងវិសោធនកម្មនេះគឺពិតណាស់ធ្វើឡើង ក្នុងចេតនាល្អ ដើម្បីឆ្លុះបញ្ចាំងអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិ ដែលត្រូវតែបំពេញកាតព្វកិច្ចជាពលរដ្ឋគំរូដោយការទៅបោះឆ្នោត មុនពួកគាត់អាច ឈរឈ្មោះឱ្យគេបោះឆ្នោត បាន។ ការអនុវត្តនេះពុំមែនពុំធ្លាប់អនុវត្តលើលោកយើងនោះទេ។
ជាចុងបញ្ចប់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាទទូចឱ្យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គោរពឱ្យបានម៉ឺងម៉ាត់នូវសេចក្ដីសម្រេច A/RES/48/141 ដែលបង្កើតអណត្តិរបស់គាត់ ក្នុងនោះរួម មាន តម្រូវឱ្យគាត់គោរពអធិបតេយ្យភាព និងដែនយុត្តាធិការក្នុងស្រុករបស់រដ្ឋ ព្រមទាំងគោល ការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ដែលបានចែងយ៉ាងច្បាស់ក្នុងធម្មនុញ្ញអង្គការសហ ប្រជាជាតិ។ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សមានភាពចាំបាច់ត្រូវអនុវត្តអាណត្តិការងាររបស់ ខ្លួនដោយផ្អែកលើការពិត ក្នុងគោលជំហរអាព្យាក្រឹត្យ សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុង ៕
ដោយ ៖ សិលា