ខេត្តកំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជំរុញទៅដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់រូបឲ្យបន្តទៅទទួលវ៉ាក់សាំងដូសជំរុញកូវីដ-១៩ ជាបន្តទៀតដើម្បីការពារពីជំងឺនេះ។
ក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ស្ពឺ សម្ដេចតេជោបានលើកឡើងថាជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីកម្ពុជាទេ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសត្រូវតែអនុវត្តឲ្យបានភ្ជាប់ខ្ជួននូវការចាក់វ៉ាក់សាំងដូសជំរុញបន្តបន្ថែមដើម្បីការពារជំងឺនេះ។
សម្ដេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា៖ «យើងត្រូវតែការពារកូវីដតាមរយៈការទទួលវ៉ាក់សាំង»។
ក្រសួងសុខាភិបាលបានបញ្ជាក់អោយដឹងថា : កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤៣,១១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨៣,១១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥៩%៕
ដោយ ៖ សិលា