ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​នាំចេញអង្ករទៅកាន់ហ្វីលីពីន ក្នុងបរិមាណ២៥៧៥តោន ជាលើកដំបូងនៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជាបានពង្រីកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនចំនួន ២៥៧៥តោន ជាបរិមាណមិនធ្លាប់មានជាលើកដំបូងនៅក្នុងឆ្នាំ២០២៣ ដែលជាការ​ឆ្លុះបញ្ចាំង​អំពី​ភាពរីកចម្រើន លើការងារពាណិជ្ជកម្មរវាងប្រទេសទាំង២។

ការលើកឡើង​បែបនេះ​នាឱកាស​​ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកស្រី​ MARIA AMELITA C. AQUINO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋហ្វីលីពីន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ដែលពិធីនេះរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី​២៦​ ខែមិថុនា​ម្សិលមិញនេះ​ និងមានការអញ្ជើញចូលរួមពីលោក​ លោកស្រី​ រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ, ប្រតិភូរាជរដ្ឋាភិបាល លោកឧកញ៉ា លោក​ លោកស្រី ដែលជាមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ប្រមាណ ១០០នាក់។

ជាកិច្ចចាប់ផ្ដើម លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានរាយការណ៍អំពីស្ថានភាពនៃការនាំចេញក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ២៧៨,១៨៤តោន ស្មើនឹង ១៩១.៦៤ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់គោលដៅចំនួន៤៩ ក្នុងនោះមានទីផ្សារថ្មីចំនួន១ ត្រូវបានកើតឡើង គឺទីផ្សារប្រទេសហ្វីលីពីន ដែលបាននាំចេញជាលើកដំបូងក្នុបរិមាណច្រើនមិនធ្លាប់មានពីមុន គឺចំនួន ២ ៥៧៥ តោន។

លោកឧកញ៉ា បន្តថា ការនាំចេញទៅកាន់ទីផ្សារប្រទេសហ្វីលីពីនក្នុងបរិមាណច្រើនជាលើកទី១នេះ គឺត្រូវបានអនុវត្តន៍ឡើងដោយ ក្រុមហ៊ុន ខ្មែរហ៊្វូត គ្រុប ឯ.ក ដែលមាន លោក ឧកញ៉ា គឹម សាវុធ ជាអគ្គនាយក ដោយកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែខិតខំស្វែងរកទីផ្សារជូនអង្ករកម្ពុជា ជាពិសេសនៅគ្រប់កិច្ចសវនការ និងការប្រជុំនានា ជាមួយប្រមុខរដ្ឋាភិបាលប្រទេសផ្សេងៗ សម្តេច តែងតែស្នើឱ្យសមភាគីប្រទេសទាំងនោះជួយទិញអង្ករកម្ពុជា ឱ្យបានច្រើន ជាក់ស្តែងនៅក្នុងជំនួបប្រមុខរដ្ឋ និងប្រមុខការទូតទាំងអស់ ដែលក្នុងនោះរួមទាំង ឯកឧត្តមប្រធានាធិបតីប្រទេសហ្វីលីពីន ដែលបានអញ្ជើញមកធ្វើការទស្សនៈកិច្ចនៅកម្ពុជាក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា ផងដែរ។

ក្នុងឱកាសនេះដែរ លោកស្រី​ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ដែលមានការកើនឡើងប្រមាណជា ២៨.៦ % នៅឆ្នាំ ២០២២ កន្លងមក ព្រមទាំងបានលើកឡើងអំពីការកែសម្រួលច្បាប់ក្នុងការនាំចេញដែលអនុញ្ញាតឱ្យផ្នែកឯកជននាំចូលដោយផ្ទាល់ មិនចាំបាច់ឆ្លងកាត់ក្រុមហ៊ុនរដ្ឋដូចមុននោះឡើយ។

ជាមួយគ្នានេះ លោកស្រី​ឯកអគ្គរដ្ឋទូត ក៏បានសាទរនូវការរីកចម្រើននៃការធ្វើពាណិជ្ជកម្មអង្កររវាងកម្ពុជា និងហ្វីលីពីន ជាពិសេសការនាំអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន ដែលនេះជាបំណងរបស់កម្ពុជាជាយូរមកហើយ ហើយការងារនេះត្រូវបានចាប់ផ្តើមឡើងដោយក្រុមហ៊ុន ខ្មែរហ៊្វូត គ្រុប ឯ.ក ជាមួយអ្នកនាំចូលហ្វីលីពីន ដែលជាគម្រូមួយសម្រាប់បង្ហាញអំពីសក្តានុពល និងការត្រៀមខ្លួនរួចរាល់របស់អង្ករកម្ពុជាទៅដល់អ្នកនាំចូលផ្សេងទៀតដើម្បីបញ្ជាទិញអង្ករពីកម្ពុជា។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានការកោតសរសើរដល់សហព័ន្ធស្រូវអង្ករកម្ពុជា ចំពោះការខិតខំបំពេញការងារ និងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនហ្គ្រីនត្រេដ រហូតឈានទៅរកការបើកច្រកទីផ្សារអង្ករទៅកាន់ប្រទេសហ្វីលីពីននេះឡើង និងបានស្នើឱ្យបន្តសកម្មភាពនេះសម្រាប់ទីផ្សារផ្សេងទៀត ផងដែរ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជា មានភាពប្រកួតប្រជែង តាមរយៈការលើកទឹកចិត្តផ្នែកពន្ធដារ, ការលើកលែងពន្ធ និងអាករគ្រប់ប្រភេទ ដល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ តាំងពីឆ្នាំ២០១១ ហើយបានបន្តជូនរយៈពេល ៥ឆ្នាំបន្ថែមទៀត សម្រាប់សហគ្រាសដែលអស់អាណត្តិ ជាដើម។

លោករដ្ឋមន្ត្រី បន្តថា ដើម្បីលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្មបានខិតខំស្វែងរកទីផ្សារថ្មីបន្ថែមសម្រាប់ស្រូវអង្ករ និងផលិតផលដែលកែច្នៃចេញអំពីស្រូវអង្ករ តាមរយៈពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កិច្ចព្រៀមព្រៀងសេរីកម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាត់ អារ៉ាប់រួម ជាដើម។ លើសពីនេះ ក្រសួងពាណិជ្ជកម្ម ក៏បានខិតខំពង្រីកទីផ្សារបន្ថែមទៀតជាមួយប្រទេសចិន ដោយកំពុងចរចា រៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ សម្រាប់បរិមាណ ៥០ម៉ឺនតោន សម្រាប់ឆ្នាំ២០២៣-២០២៤ ផងដែរ។

ដើម្បីគាំទ្រដល់ផែនការនៃការពង្រីកទីផ្សារអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ មួយចំនួន រួមមាន៖

– សហព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុនហ្គ្រីនត្រេដ និងអ្នកនាំចេញទាំងអស់ត្រូវបន្តកិច្ចសហការជាប្រចាំជាមួយអ្នកនាំចូលហ្វីលីពីន លើការរួមគ្នាផ្សព្វផ្សាយអង្ករកម្ពុជានៅទីផ្សារប្រទេសហ្វីលីពីន ដើម្បីជំរុញ និងបង្កើនតម្រូវការ ការកែប្រែឥរិយាបទអតិថិជនឱ្យទទួលយកនូវអង្ករកម្ពុជាឱ្យកាន់តែច្រើន

– ស្នើសុំ លោកស្រីឯកអគ្គរដ្ឋទូត ជួយលើកទឹកចិត្តដល់អ្នកវិនិយោគ ក៏ដូចអ្នកនាំចូលអង្ករនៅក្នុងប្រទេសហ្វីលីពីន ឱ្យមកវិនិយោគ និងទទួលការនាំចូលអង្ករកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ព្រោះថាអង្ករកម្ពុជាមានរស់ជាតិឆ្ងាញ់ ហើយជាអង្ករដែលឈ្នះពានរង្វាន់ពិភពលោកចំនួន ៥ដង

– ក្រសួងពាណិជ្ជកម្ម គ្រប់នាយកដ្ឋាន កុងស៊ុល អនុព័ន្ធពាណិជ្ជកម្មទាំងអស់ ត្រៀមខ្លួនជានិច្ច ដើម្បីគាំទ្រសម្រួលការធ្វើធុរកិច្ចពាណិជ្ជកម្ម និងការផ្សព្វផ្សាយ ដើម្បីឱ្យទីផ្សារអង្ករកម្ពុជាកាន់តែរីកធំឡើង។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីប្រទេសកម្ពុជាធ្វើការនាំចេញអង្ករលើកដំបូងនៅឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២២ ប្រទេសកម្ពុជាធ្លាប់នាំអង្ករទៅកាន់ប្រទេសហ្វីលីពីនតែចំនួន ២ដងគត់ គឺលើកទី១ នៅឆ្នាំ២០២០ ចំនួន ៣០០តោន និង ១០០ តោននៅឆ្នាំ២០២១។ ប្រទេសហ្វីលីពីនជាប្រទេសផលិត និងនាំចូលអង្ករធំមួយនៅក្នុងពិភពលោក ដែលឈរលំដាប់លេខរៀងទី៤ នៅលើពីភពលោក និងលេខរៀងទី២ បន្ទាប់ពីប្រទេសចិន នៅក្នុងទ្វីបអាស៊ី ដោយបាននាំចូលអង្ករ ប្រមាណជាជាង ៣លានតោន ហើយភាគច្រើនប្រទេសក្នុងអាស៊ានដែលមានព្រំដែនជាប់ជាមួយប្រទេសកម្ពុជាយើង។ សម្រាប់ការនាំចេញទ្រង់ទ្រាយធំជាលើកដំបូងមាននចំនួន ២៥៧៥តោន គឺបានដឹកចេញកាលពីចុងខែឧសភា ឆ្នាំ២០២៣ និងបន្តនាំចេញនៅក្នុងរយៈពេលដ៍ខ្លីខាងមុខ៕

ដោយ​៖ សហការី​


ចែករំលែក៖