ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក Song Yonggun នាយកគម្រោងកូហ្វី (KOFIH) ប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារជំងឺមិនឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្រោមជំនួយឥតសំណងរបស់មូលនិធិថែទាំសុខភាពអន្តរជាតិ (KOFIH) នៃសាធារណរដ្ឋកូរ៉េ។
សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ តាមរយៈគម្រោងរបស់អង្គការ KOFIH ដែលបានផ្តល់ជំនួយទាំងថវិកា សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាល ធនធានមនុស្សសុខាភិបាល រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតប្រព័ន្ឋសុខាភិបាលនៅកម្ពុជា ៕
ដោយ ៖ សិលា