ខេត្តកំពង់ឆ្នាំង ៖ បើឈប់បាន ឈប់ទៅ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានជំនឿទៅលើគ្រូជោគជ័យ ឧកញ៉ាតាំងខ្លួនជាគ្រូជោគជ័យ ! ទីបំផុតពួកគេជាប់គុកជាបណ្ដើរៗ ដោយសារតែបានប្រព្រឹត្តអំពើទុច្ចរិត បោកប្រាស់ប្រជាពលរដ្ឋ បង្កើតក្រុមហ៊ុនវិនិយោគខ្យល់ លក់ដីឡូខ្យល់ ដូចជាឧកញ៉ា ជាសារ៉ន និងបក្សពួកនេះជាដើម ។ ឥឡូវសូម្បីតែ អ្នកខេត្តកំពង់ឆ្នាំងប្រមាណ៦៩គ្រួសារ នៅស្រុកកំពង់លែង ក៏លង់ខ្លួនចាញ់បោកក្រុមហ៊ុនឧកញ៉ា ជា សារ៉ន អស់ទឹកប្រាក់ជាង១លានដុល្លារផងដែរ រឿងទិញដីឡូត៍នៅខេត្តកំពត!
ម្នាក់ៗចាញ់បោកចន្លោះពី៥ម៉ឺនដុល្លារ ទៅ៧ម៉ឺនដុល្លារ ដោយក្រុមហ៊ុនភូតថាយកប្លង់ផ្ទះដាក់ធនាគារ ទុកឲ្យពួកគេជាអ្នកបង់លុយថ្លៃការប្រចាំខែជូន តែនៅទីបំផុតយំលែងចេញហើយ!
យោងតាមលិខិតដាកពាក្យ របស់ ប្រជាពលរដ្ឋ ដាក់ទៅ លោក អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សំណើរសុំអន្តរាគមន៍ជួយដោះស្រាយថវិការជំពាក់ស្ថាប័នធនាគារ ដែលប្រជាពលរដ្ឋបានខ្ចីយកទៅវិនិយោគដីឡូត៍ក្រុមហ៊ុនឧកញ៉ា ជា សាវ័ន ចំនួន៦៩គ្រួសារដែលមានបញ្ជីរាយនាម និងស្នាមមេដៃជូនភ្ជាប់មក ជាមួយស្រាប់ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននូវ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថា : យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋចំនួន ៦៩គ្រួសារ បានយកប្រាក់ ដែលបានខ្ចីពីមីក្រូហិរញ្ញវត្ថុ និង ធនាគារ ដើម្បីវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉ន ដោយក្រុមហ៊ុនសន្យាផ្តល់ការប្រាក់ដើម្បីឱ្យយើងខ្ញុំយកទៅបង់ មីក្រូហិរញ្ញវត្ថុ និងធនាគារជាប្រចាំខែ តែចាប់ពីខែមេសា ឆ្នាំ២០២៣ រហូតមកដល់សព្វថ្ងៃក្រុមហ៊ុនមិនបានគោរពលើ កិច្ចសន្យាគឺមិនបានផ្តល់នូវការប្រាក់ឱ្យយើងខ្ញុំទាំងអស់គ្នា ជាហេតុធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាពុំមានលទ្ធភាពក្នុងការ បង់ប្រាក់សងទៅមីក្រូហិរញ្ញវត្ថុ និងធនាគារវិញ ។
ដូច្នេះហើយយើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋចំនួន ៦៩គ្រួសារ ស្នើសុំឯកឧត្តមអភិបាលខេត្ត មេត្តា ជួយអន្តរាគមន៍ ដោះស្រាយថវិកា ដែលបានខ្ចីមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីយកទៅវិនិយោគដីឡូត៍ជាមួយក្រុម ហ៊ុន ជា សារ៉ន ដោយសុំឱ្យក្រុមហ៊ុន ចរចារជាមួយធនាគារ ចេញសងជំនួសប្រជាពលរដ្ឋយើងខ្ញុំវិញ និងសំណូម ពរដល់មីក្រូហិរញ្ញវត្ថុមេត្តាជួយបង្វិលប្លង់ដីដែលប្រជាពលរដ្ឋយកទៅបញ្ចាំ មកឲ្យប្រជាពលរដ្ឋវិញ ដូចចំណាត់ការ របស់អាជ្ញាធរខេត្តកំពត និងខេត្តតាកែវ បានសម្រេចថាឱ្យក្រុមហ៊ុនឧកញ៉ា ជាសារ៉ន ជាអ្នកសងជំនួសប្រជាពលរដ្ឋ ទាំងស្រុង ៕
ដោយ ៖ សុខ ខេមរា