ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញ សេចក្តីបំភ្លឺព័ត៌មាន ដោយបញ្ជាក់ថា : កាលពីពេលថ្មីៗនេះមានការចុះផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម អំពីព្រះពុទ្ធរូបផ្ចាញ់មា ០១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានលក្ខណៈមិនស្អាតល្អ….។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និង បណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖ តាមការចុះពិនិត្យស្រាវជ្រាវ និងវាយតម្លៃរបស់មន្ទីរ ធម្មការ និងសាសនាខេត្ត ព្រះពុទ្ធរូបផ្ចាញ់មា០១ព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩ មកម៉្លេះ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ព្រះពុទ្ធរូបអង្គនេះ កើតចេញរូបរាងឡើងដោយកម្លាំងមហាសាមគ្គីរបស់សប្បុរសជនខ្មែរនានាដែល មានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ហើយសង់ឡើងមានកម្ពស់ ២៩ម៉ែត្រ ព្រះភ្នែន ២១ម៉ែត្រ។ តាមព្រះចៅអធិការវត្តវាលព្រះនាម ជុំ សារឿន មានដីកាថា ការកសាងព្រះពុទ្ធរូបផ្ចាញ់មានេះ បានប្រើប្រាស់ ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូបនៅមានកម្រិត ពុំមានរចនាបថបានត្រឹមត្រូវតាម ក្បួនខ្នាតនោះទេ ដែលអាចមានការខុសឆ្គងខ្លះៗ។ តាមការពិនិត្យជាក់ស្ដែង បើយើងមើលចំពីមុខ ព្រះភក្ត្រ ព្រះអង្គ ពិតជាមានទម្រង់សមរម្យជាងមើលពីចំហៀង។
រដ្ឋបាលខេត្តពោធិ៍សាត់ នឹងណែនាំដល់មន្ទីរជំនាញ សហការជាមួយអ្នកបច្ចេកទេស និងព្រះចៅអធិការវត្តដើម្បីបន្តពិនិត្យ និងវាយតម្លៃឲ្យបានល្អិតល្អន់នូវចំណុចខ្វះខាត ឆ្គាំឆ្គងណាដែលគួរធ្វើការកែលម្អ ឲ្យបានសមរម្យ។
លោក ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហោះ លើ facebook របស់លោកថា : មេដៃបានផ្តាំ៖
ប្រសិនបើឯងបានតួនាទី និងភារកិច្ចហើយ ឯងត្រូវធ្វើដោយភាពស្មោះត្រង់ ទោះនៅស្ថាប័នរដ្ឋនិងមិនមែនរដ្ឋ ហើយបើមិនពេញចិត្ត អាចសុំឈប់បាន តែមុននឹងឈប់ ឯងត្រូវប្រឹងឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដោយគិតពីប្រសិទ្ធភាព និងប្រសិទ្ធផលរួម។ អ្វីក៏ដោយ បើគេផ្តល់ឱ្យ ទោះតិចឫច្រើន កុំភ្លេចគុណគេ ហើយសុំតែម្យ៉ាង គឺកុំយកតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លៀតជំរឹតទារលុយកាក់ពីសហការីគ្នាឯង។ អ្នកខ្លះគ្នាអត់ គ្នាគ្មាន ទើបគ្នាមកពឹង គឺកុំគិតតែពីប្រយោជន៍ ដោយមិនគិតពីអាម៉ាស់តត្រកូល។ ការយកតួនាទីស៊ីលុយសហការី គឺចេះតែបានហើយ តែឯងត្រូវចាំថា កេរ្តិ៍របស់ឯងត្រូវគេហែកពីក្រោយ ហើយនៅពេលឯងបាត់បង់តួនាទីនោះ ឯងរួមនឹងគូកនត្រូវអស់ម៉ោងដូចយន្តហោះអស់ថ្លៃ។ ឯងគិតទៅមើល៍ នៅពេលឯងមានតួនាទី ម្តេចឯងប្រឹងធ្វើឫកធ្វើរាង កោសរួស និងបង្កើតអយុត្តិធម៌ដល់សហការីគ្នាឯង ហើយដល់ពេលឯងចូលនិវត្ត ម្តេចឯងបែរប្រឹងរួសរាយរាក់ទាក់គេឯងទៅវិញ! ចូរឯងកុំធ្វើបែបនេះអី បើមិនដូច្នោះទេ គេនឹងហៅឯងអាផេះ ម្តេចមិនធ្វើឫកដូចមុន!
បាទ មេ! ខ្ញុំសូមចងចាំគតិដ៏មានតម្លៃនេះ!!
សូមបញ្ជាក់ថា : លោកអនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានបង្ហោះ ដោយភ្ជាប់ជាមួយនូវ រូបព្រះពុទ្ធរូបផ្ចាញ់មា ០១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕
ដោយ ៖ សិលា