ភ្នំពេញ ៖ កាលពីវេលាម៉ោង ២២និង៤៥នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត នឹងម៉ូតូ នៅត្រង់ចំណុចលើផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិធម្មត្រៃយ៍ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឱ្យមនុស្សប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរសម្រាកព្យាបាលគង្គា ។
សមត្ថកិច្ចបានឱ្យដឹងថា ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្ដាល 1AA-6265 អ្នកបើកបរមានឈ្មោះ ផាត់ សេងហោ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅស្ថិតនៅភូមិទង់ភូមិ ឃុំព្រៃផ្ដាំ ស្រុកអង្គរបុរី ខេត្តតាកែវ (បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរសម្រាកព្យាបាលគង្គា (ពាក់មួកសុវត្ថិភាព)។ ចំណែកភាគីរថយន្ត (ពុំស្គាល់ម៉ាកនិងផ្លាកលេខ អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានបើករថយន្តរត់គេចបាត់ពីកន្លែងកើតហេតុ)។
បច្ចុប្បន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ រថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំការដោះស្រាយបន្ត ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ខេត្តតាកែវ៕
ដោយ ៖ ភារ៉ា ដង្កោ