ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន មានដូចខាងក្រោមនេះ៖
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ជំនួបជាមួយបងប្អូនកម្មករនិយោជិត គឺចាត់ទុកជាវេទិការសាធារណៈមួយ ដើម្បីសួរសុខទុក្ខដល់បងប្អូនកម្មករកម្មការិនីផង និងមួយផ្នែកទៀត ដើម្បីពិនិត្យមើលលើតម្រូវការ និងបញ្ហាដែលត្រូវដោះស្រាយជូនដល់កម្មករនិយោជិតបន្ថែមទៀត។
សម្តេចតេជោ ថ្លែងថា សម្ដេចមានគម្រោងចុះជួបជាមួយកម្មករនិយោជិតតាំងពីឆ្នាំ២០២០ ប៉ុន្ដែដោយសារបញ្ហាកូវីដ-១៩ ទើបមានការពន្យារពេលដល់ពេលនេះ។
សម្តេចតេជោ ថ្លែងអរគុណដល់កម្មករ-កម្មការិនី ដែលបានអនុវត្តបានយ៉ាងល្អនូវវិធានការសុខភិបាល និងការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ធ្វើឱ្យកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រងស្ថានការវិបត្តិកូវីដ-១៩ បានយ៉ាងល្អរហូតអាចបើកសង្គម សេដ្ឋកិច្ចឡើងវិញដល់បច្ចុប្បន្ននេះ។
សម្តេចតេជោ ថ្លែងអំពាវនាវសារជាថ្មី កុំឱ្យមានការ LIVE ជេរ បញ្ចោរ ដៀលត្មះ គ្នា តាមបណ្តាញសង្គមពេលមានជម្លោះក្នុងគ្រួសារ(ប្តី ប្រពន្ធ) គួរទុកកិត្តិយសសម្រាប់កូនៗផង។
សម្តេចតេជោ ថ្លែងថា ការពិនិត្យអំពីអ្វីដែលរាជរដ្ឋាភិបាលសម្រេចនាពេលកន្លងទៅ គឺជាវឌ្ឍនភាពមួយដែលរាជរដ្ឋាភិបាល និងម្ចាស់រោងចក្រទាំងអស់បានអនុវត្តបានយ៉ាងល្អ។ ក្នុងនោះមានទាំងបញ្ហាតូច និងបញ្ហាធំ។
សម្តេចតេជោ ថ្លែងថា ប្រទេសកម្ពុជា ត្រូវតែមានការពង្រឹងចំពោះការគោរពទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរឡើងវិញ ដែលចំណុចនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសីលធម៌ និងសុជីវធម៌យុវជនជំនាន់ក្រោយឱ្យចេះគោរពចាស់ទុំ កូនគោរព ឪពុកម្ដាយ។
សម្តេចតេជោ ថ្លែងជាថ្មីម្តងទៀតថា ដំណើរចុះ ជួបបងប្អូនកម្មករនិយោជិតរបស់សម្តេច មិនមែនជាការជិះសេះមើលផ្កានោះទេ គឺដើម្បីស្វែងរកវឌ្ឍនភាព និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករនិយោជិតដែលជួបបញ្ហា។
សម្តេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលបន្តដោះស្រាយបញ្ហាតទៅទៀត ជាពិសេសបញ្ហាដែលកើតមានឡើងចំពោះបងប្អូនកម្មករនិយោជិត។ រាជរដ្ឋាភិបាលបានធ្វើរួចហើយលើការដោះស្រាយបញ្ហា១០ចំណុច ក្នុងនោះមានដូចជា៖បញ្ហាស្រ្ដីមានផ្ទៃពោះ និងការដំឡើងប្រាក់បៀវត្សជូនបងប្អូកម្មករនិយោជិតប្រចាំឆ្នាំជាដើម។
សម្តេចតេជោ ជឿជាក់ថា នាពេលខាងមុខនេះសេដ្ឋកិច្ចកម្ពុជាលើវិស័យសេវាកម្ម នឹងមានកំណើនខ្លាំងជាងគេលើសវិស័យផ្សេងៗទៀត តាមរយៈកំណើនទេសចរ ខណៈបច្ចុប្បន្នសេដ្ឋកិច្ចវិស័យឧស្សាហកម្មមានការកើនឡើងខ្ពស់រហូតដល់ ៣៨%។
សម្តេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលកំពុងបន្តខិតខំធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ ដើម្បីបម្រើដល់ការទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុង១ឆ្នាំជាង ៣០ម៉ឺននាក់។
សម្តេចតេជោ នៅតែបន្តថ្លែងអំពាវនាវដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយ កុំដំឡើងថ្លៃចំពោះកម្មករនិយោជិត ខណៈនាពេលកន្លងមក មានម្ចាស់ផ្ទះជួលជាច្រើនអនុវត្តបានយ៉ាងល្អដោយមិនដំឡើងថ្លៃផ្ទះជួលចំពោះកម្មករកម្មការិនីឡើយ។
សម្តេចតេជោ បន្តអំពាវនាវដល់ម្ចាស់រោងចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ។
សម្តេចតេជោ ប្រកាសផ្ដាំផ្ញើដល់កម្មករនិយោជិតកុំលង់ទៅតាមការញុះញង់របស់ក្រុមជនអាក្រក់នៅក្រៅប្រទេស ខណៈកាលពីឆ្នាំ២០១៣ ក្រុមជនអាក្រក់នេះហើយ ជាមេខ្លោងដឹកនាំកម្មករធ្វើបាតុកម្មខុសច្បាប់។
សម្តេចតេជោ ជឿជាក់ថា យន្តហោះគ្មានមនុស្សបើកដែលចូលមកឈ្លានពានប្រទេសកម្ពុជា គឺមកធ្វើការទំនាក់ទំនងជាមួយក្រុមភេរវករបាក់ទ័ពរត់ចេញពីវៀតណាមចូលមកដែនដីកម្ពុជា។
សម្តេចតេជោ បានដាក់ការសង្ស័យយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលឈ្លានពានចូលទឹកដីកម្ពុជានេះ គឺអាចចេញមកពីនាវា ឬចេញពីប្រទេសមួយ។
សម្តេចតេជោ ក៏បានប្រកាសផ្តល់រង្វាន់ចំនួន២០ម៉ឺនដុល្លារអាមេរិក សម្រាប់អង្គភាពណាដែលបានបាញ់ យន្តហោះគ្មានមនុស្សបើក(ដ្រូន) ដែលហោះចូលនៅក្នុងទឹកដីកម្ពុជាក្នុងបំណងទុច្ចរិត។
សម្តេចតេជោ ប្រកាសដាក់បទបញ្ជាដាច់ណាត់ឱ្យដាក់សំណាញ់មេឃ និងបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលមកធ្វើសកម្មភាពឈ្លានពានកម្ពុជា។
សម្តេចតេជោ ព្រមានជាថ្មីចំពោះជនណាក៏ដោយ ដែលមានជាប់ពាក់ព័ន្ធជាមួយជនក្បត់ជាតិ ៣ ជំនាន់នៅក្រៅប្រទេស គឺត្រូវតែមានវិធានការទាំងអស់។
សម្តេចតេជោ ប្រកាសជាថ្មីម្តងទៀតថា អ្នកទោសណា ក៏ដោយឱ្យតែមានការអន្តរាគមន៍ពីបរទេស នឹងគ្មានការបន្ធូរបន្ថយ និងលើកលែងទោសនោះទេ ដើម្បីលុបបំបាត់ការជ្រៀតជ្រែករបស់បរទេសលើផ្ទៃក្នុងកម្ពុជា។
សម្តេចតេជោ ថ្លែងថា គ្រប់បរទេសដែលមកវិនិយោគនៅកម្ពុជា គឺផ្ដោតសំខាន់លើធនធានចំនួន២ គឺធនធានមនុស្ស និងអគ្គិសនី ដូច្នេះចាប់ពីខែសីហា ឆ្នាំ២០២៣នេះ តទៅ រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមធ្វើការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញជាយុវជនចំនួន ១,៥លាននាក់។
សូមជម្រាបជូនថា តាមការឱ្យដឹងពីលោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា កន្លងទៅសម្ដេចតេជោនាយករដ្ឋមន្តី ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ចំនួន១៦ដងរួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន ៧ដង ដែលមានកម្មករនិយោជិតចូលរួមចំនួន១០ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ៨៨, កាលពីឆ្នាំ២០១៨ ចំនួន ៧ដង ដែលមានកម្មករនិយោជិតចូលរួមចំនួន១០ម៉ឺន ៧ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០០ និងក្នុងឆ្នាំ២០២៣ នេះ ចំនួន ២លើក គឺ កាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងថ្ងៃពុធ ទី១៤ ខែមិថុនា ដែលមានកម្មករនិយោជិតចូលរួមចំនួន ៣ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៣៣។
សូមជម្រាបជូនថា នេះគឺជាលើកទី១៧ ហើយដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតសរុបចំនួន១៨ ៣១៣នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧ ក្នុងនោះ ខណ្ឌពោធិ៍ សែនជ័យ ចំនួន១០, ខណ្ឌមានជ័យចំនួន ៤ និងខណ្ឌកំបូលចំនួន៣។ រោងចក្រ សហគ្រាសចំនួន១៧ ជាប្រភេទរោងចក្រកាត់ដេរទាំងអស់។
ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសចិន ប្រទេសល្យស្ត្រាលី។ល។ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ៩៣១៤ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក សហគ្រាសវិស័យកាត់ដេរ ចំនួន ៧២៧. មានកម្មករនិយោជិតសរុបជិត ៣៣ម៉ឺន៩ពាន់នាក់ ដែលមានប្រាក់ ឈ្នួលមធ្យមសរុបប្រមាណ ១ពាន់ ៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេ៕
ដោយ៖ ស តារា