ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ដាំសារជាថ្មីទៅកាន់បរទេសទាំងឡាយកុំឲ្យលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។ ការលូកដៃចូលទៅក្នុងកិច្ចការផ្ទៃក្នុងទៅលើសំណុំរឿងតុលាការណាមួយនឹងមិនអាចឲ្យអ្នកដែលជាប់ទោសទាំងនោះរួចខ្លួនឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាទោះបីជាខ្មែរមានសញ្ជាតិពីរក៏ដោយការប្រព្រឹត្តកំហុសនៅកម្ពុជាគឺត្រូវតែជាប់ទោសនៅកម្ពុជា។
សម្តេចតេជោថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ការអន្តរាគមន៍ពីប្រទេសទៅលើជនជាតិខ្មែរដែលមានសញ្ជាតិពីរនេះ នឹងមិនអាចឲ្យគេមានសេរីភាពនោះទេថែមទាំងមិនត្រូវបានលើកយកមកស្នើសុំការលើកលែងទោសឬបន្ធូរបន្ថយទោសថែមទៀត។
សម្ដេចតេជោ ហ៊ុនសែន មានប្រសាសន៍បន្តថា៖ «ទោះបីបរទេសមកធ្វើកំហុសនៅស្រុកខ្មែរក៏ត្រូវមានទោសនៅស្រុកខ្មែរដែរ»។
សម្ដេចតេជោ ក៏បានលើកយកករណី កញ្ញា សេង ធារី ដែលហៅថាអប្សរាក្បាលត្រងោលមានសញ្ជាតិពីរដែលជាប់ពន្ធនាគារនិងមិនត្រូវបន្ធូរបន្ថយនោះទេដរាបណាមានបរទេសលូកដៃ។
សម្តេចតេជោ ហ៊ុន សែន ព្រមានជាថ្មីចំពោះជនណាក៏ដោយ ដែលមានជាប់ពាក់ព័ន្ធជាមួយជនក្បត់ជាតិ ៣ ជំនាន់នៅក្រៅប្រទេស គឺត្រូវតែមានវិធានការទាំងអស់។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសនានា ចំពោះការបង្ហោះយន្តហោះគ្មានមនុស្សបើកចូលមកដែនដីកម្ពុជា គឺជាបំពានដែនដីរបស់កម្ពុជា ហើយករណីនេះមិនមែនជារឿងសាមញ្ញនោះទេ គឺជារឿងសុខសន្ដិភាពរបស់ប្រទេសកម្ពុជា៕
ដោយ ៖ សិលា