ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យពង្រាយសំណាញ់មេឃ នៅតាមព្រំដែន ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបានរំលោភចូលក្នុងដែនដីកម្ពុជា និងលើកទឹកចិត្តឱ្យ ២០មុឺនដុល្លារ បើអង្គភាពណាបាញ់ទម្លាក់ !

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានបញ្ជាឲ្យពង្រាយសំណាញ់មេឃ នៅតាមព្រំដែនវៀតណាមក្នុងតំបន់ភូមិភាគទី១ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបានរំលោភចូលក្នុងដែនដីកម្ពុជា។

ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានស្ដីបន្ទោសទៅដល់មេបញ្ជាការភូមិភាគទី១ ដែលមិនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបានរំលោភចូលក្នុងដែនអាកាសកម្ពុជាកាលពីយប់មិញ។

ជាមួយគ្នានេះសម្ដេចបានបញ្ជាឲ្យអគ្គបញ្ជាការទ័ពបញ្ចេញនូវសំណាញ់មេឃ ដាក់ទាំងអស់នៅតាមព្រំដែនកម្ពុជា-វៀតណាម ធ្វើយ៉ាងណាបាញ់ឱ្យធ្លាក់នូវដ្រូនស៊ើបការណ៍នេះ។

សម្ដេចតេជោ ហ៊ុន សែន ថា ៖ «ចាំសួរអាឈានផ្ទាល់មើល! ម៉េចបានអ្ហែងអត់បញ្ជាឲ្យបាញ់!»។

ជាមួយគ្នានេះសម្ដេចក៏បានថ្លែងលើកទឹកចិត្តថា ប្រសិនជាមានអង្គភាពណាមួយអាចបាញ់ទម្លាក់យន្តហោះស៊ើបការណ៍នេះបាននិងផ្ដល់ថវិកាចំនួន ២០ម៉ឺនដុល្លារផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីជាបាញ់អស់មួយលានពីរលានគ្រាប់ក៏ដោយក៏សម្ដេចហ៊ានឲ្យបាញ់ដែរ។

ជាមួយគ្នាសម្ដេចតេជោក៏បានដាក់ការសង្ស័យទៅលើក្រុមផ្ដាច់ខ្លួនវៀតណាមដែលមានទំនាក់ទំនងជាមួយនឹងទណ្ឌិត សម រង្ស៊ី ផងដែរ ដោយជឿថាការប្រើប្រាស់ដ្រូនស៊ើបការណ៍នេះមិនមែនជារបស់វៀតណាមនោះទេ។

ជាមួយគ្នានេះសម្ដេចតេជោក៏បានបញ្ជាឲ្យមានការស្វែងរកនៅកម្លាំងផ្ដាច់ខ្លួនវៀតណាមនៅក្នុងប្រទេសកម្ពុជាឲ្យឃើញផងដែរ។ 

សម្ដេចតេជោ ជឿជាក់ថា យន្តហោះគ្មានមនុស្សបើកដែលចូលមកឈ្លានពានប្រទេសកម្ពុជា គឺ​មក​ធ្វើការទំនាក់ទំនងជាមួយក្រុមភេរវករបាក់ទ័ពរត់ចេញពីវៀតណាមចូលមកដែនដីកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖