ខេត្តបាត់ដំបង៖ មុខសញ្ញាចោរលួចគោរបស់អ្នកភូមិម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រុកថ្មគោល ចុះស្រាវជ្រាវ និងឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែមិថុនាម្សិលមិញនេះ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានទទួលព័ត៌មានអំពីជនរងគ្រោះទាក់ទងនឹងករណីចោរកម្មលួចគោមួយក្បាលបានកើតឡើងនៅភូមិតាពូងត្បូងឃុំតាពូងស្រុកថ្មគោលខេត្តបាត់ដំបង ខណៈដែលសមត្ថកិច្ចទទួលព័ត៌មានពីមហាជន ថាមានមនុស្សកំពុងដឹកគោល មួយក្បាលដើររកអ្នកទិញក្នុមូលដ្ឋានស្រុកថ្មគោល។
បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ទោ សេង លុច បានចេញប្រតិបត្តិការដោយធ្វើការឃាត់ខ្លួនជនសង័្សយជាមុខសញ្ញាលួចគោចំនួន ០១នាក់ ក្នុងមូលដ្ឋានឃុំតាពូង ស្រុកថ្មគោលដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ រួមទាំងសត្វគោមួយក្បាលផង។
នៅកន្លែងសមត្ថកិច្ចនគរបាលស្រុក ជនសង័្សយឈ្មោះ ប៊ូណា បូរី ភេទប្រុសអាយុប្រហែល ៣០ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចគោរបស់អ្នក ភូមិនាថ្ងៃខែឆ្នាំខាងលើនៅចំណុចប្រឡាយបឹងម៉ាំ ភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ហើយដើរស្វែងរកអ្នកទិញ ដែលគោនេះគឺជារបស់ជនរងគ្រោះឈ្មោះ ហាច តាំង ភេទ ប្រុសអាយុ៥៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាង លើ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ ហើយរីឯសត្វគោសមត្ថកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ៕
ដោយ៖ សហការី