ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ៨នាក់ និងស្រាល ៤នាក់ ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១០លើក មាន កត្តាល្បឿន ២លើក មិនគោរពសិទ្ធ ៤លើក មិនប្រកាន់ស្តាំ ២លើក បត់គ្រោះថ្នាក់ ១លើក និងកត្តាយាន ១លើក។
គួរជម្រាបថា កាលពីម្សិលមិញនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បណ្ដាលឱ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៧នាក់ និងស្រាល ២នាក់ ។ ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៩លើក មាន កត្តាល្បឿន ៦លើក មិនគោរពសិទ្ធ ១លើក កត្តាយាន ១លើក បត់គ្រោះថ្នាក់ ១លើក។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕
ដោយ៖ សហការី