ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ពីស្ថិរភាពនយោបាយដល់ប្រទេសសម្ព័ន្ធមិត្ត

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់មេដឹកនាំអាស៉ីនៅថ្ងៃអង្គារនេះថា ប្រជា
ជនរុស្ស៉ីមានសាមគ្គីភាពជាងពេលណាៗទាំងអស់នៅក្នុងការបង្ហាញខ្លួនលើកដំបូងនៅឯវេទិកាអន្តរជាតិ ចាប់តាំងពីមានការបះបោររយៈពេលខ្លីមួយកាលពីខែមិថុនា។
ថ្លែងទៅកាន់កិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលរៀបចំតាមប្រព័ន្ធអនឡាញរួមជាមួយចិននិងឥណ្ឌា លោក ពូទីន បានគូសបញ្ជាក់ថា «ប្រជាជនរុស្ស៉ីមានការរួបរួមគ្នាមិនធ្លាប់មានពីមុនមក។ ទាំងមជ្ឈដ្ឋាននយោបាយនិងសង្គមទាំងមូលបានបង្ហាញយ៉ាងច្បាស់នូវស្មារតីទទួលខុសត្រូវចំពោះជោគវាសនានៃមាតុភូមិ អំឡុងពេលដែលពួកគេឆ្លើយតបប្រឆាំងនឹងការប៉ុនប៉ងបះបោរប្រដាប់អាវុធ»។
លោក ពូទីន បានឱ្យដឹងថា ទីក្រុងមូស្គូមានគម្រោងជំរុញទំនាក់ទំនងជាមួយអង្គការសហប្រតិបត្តិការសៀងហៃ និងគាំទ្រការផ្លាស់ប្តូរទៅរកការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ការធ្វើពាណិជ្ជកម្មបរទេស ហើយក៏បានព្រមានផងដែរថា សក្តានុពលនៃជម្លោះនិងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោកកំពុងកើនឡើង។
សុន្ទរកថារបស់លោក ពូទីន និងការសង្កត់ធ្ងន់លើការរួបរួមរបស់រុស្ស៉ីក្នុងកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តសំខាន់ៗ ហាក់ដូចជាចង់បន្ថយមន្ទិលសង្ស័យអំពីសិទ្ធិអំណាចផ្ទាល់ខ្លួនរបស់លោកនៅលើឆាកអន្តរជាតិ បន្ទាប់ពីមានការបះបោររយៈពេលខ្លីដែលដឹកនាំដោយថៅកែទាហានស៊ីឈ្នួល Wagner គឺលោក យេវហ្គីនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) កាលពីចុងខែមិថុនាកន្លងទៅ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ AFP)


ចែករំលែក៖