ភ្នំពេញ ៖ គ.ជ.ប ចេញសេចក្តីជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។
អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូម ជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោម ប្រធានបទស្តីពី៖
-ការបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត
-ការសាកល្បងគុណភាពទឹកខ្មៅលុបមិនជ្រះដោយភាគីពាក់ព័ន្ធ។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថៃ្ងព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្ដីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕
ដោយ ៖ សិលា