ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ១នាក់ និងស្រាល ៦នាក់ ។ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៦លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ១លើក បត់គ្រោះថ្នាក់ ១លើក និងងងុយ ១លើក។
ដោយឡែកតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីម្សិលមិញនេះដែរ បានឱ្យដឹងថា ចំនួនគោលដៅសរុប ៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ១គ្រឿង ម៉ូតូ ០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១គ្រឿង មានម៉ូតូចំនួន ០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរ ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕
ដោយ៖សហការី