ព័ត៌មានទាន់ហេតុការណ៍៖

ការព្យាករសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៤​ រំពឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦%

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញ​ថា​ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ​ សេដ្ឋកិច្ចកម្ពុជា​ ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដោយសារការរំពឹងទុកការត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងការងើបឡើងវិញនៃទំនុកចិត្តវិនិយោគ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពធុរកិច្ចក្នុងស្រុក នៅបន្តរក្សាបាននូវនិន្នាការកំណើនល្អជាវិជ្ជមាន ។

ជាក់ស្ដែង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុ និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ​សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤, ជុំវិញវិស័យសេដ្ឋកិច្ច ក្នុងឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបាន​ប៉ាន់ស្មានឡើងវិញថា នឹងសម្រេចបានកំណើនក្នុងអត្រា ៥,៦%, ដោយអនុវិស័យគាំទ្រកំណើន​មានការ​ប្រែប្រួល បើធៀបនឹងការរំពឹងទុកកាលពីដើមឆ្នាំ ។ ចំណែកសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ វិញ ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ស្របពេលការអនុវត្តក្របខណ្ឌ​យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ។

ជាមួយគ្នានោះ​ ការបន្តអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០ និងការដាក់​ពង្រាយអ្នកជំនាញកសិកម្ម នៅគ្រប់ឃុំទូទាំងប្រទេស ដើម្បីជួយប្រជាកសិករ នឹងជួយជំរុញកំណើន ជារួម តាមរយៈការធ្វើទំនើបកម្មកសិកម្មកម្ពុជាឱ្យកាន់​តែមានភាព​ប្រកួតប្រជែង, បរិយាបន្ន និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។

សូមជម្រាបថា​ ​ក្នុងឆ្នាំ២០២៣នេះ វិស័យឧស្សាហកម្ម រាជរដ្ឋាភិបាលរំពឹងថា នឹងសម្រេចបានកំណើន ៥,០% ដោយសារការថមថយកំណើនអនុវិស័យកាត់ដេរ និងការបន្តកំណើនទាប​នៃអនុវិស័យ​សំណង់ ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនល្អប្រសើរ ។ សម្រាប់ឆ្នាំ ២០២៤ វិញ, វិស័យឧស្សាហកម្មនេះ ត្រូវបានព្យាករថា សម្រេចបានកំណើនក្នុងអត្រា ៨,៥% ទ្រទ្រង់ដោយកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែល​អនុវិស័យសំណង់បន្តសម្រេចបានកំណើនទាបជាងនិន្នាការមុនវិបត្តិជំងឺកូវីដ-១៩ ។

ចំណែក​វិស័យសេវាកម្មវិញ ក៏​ត្រូវបានព្យាករថា ​នឹងបន្តនិន្នាការកើនឡើង ក្នុងអត្រា ៨,១% ក្នុងឆ្នាំ ២០២៣ និង ៦,៩% ក្នុងឆ្នាំ ២០២៤ ដោយការបន្តកើនឡើងនូវសកម្មភាពក្នុងអនុវិស័យសណ្ឋាគារ និង​ភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេងទៀតដូចជា ​អនុវិស័យលក់ដុំ-រាយ និង​អនុវិស័យ​ដឹកជញ្ចូន និងគមនាគមន៍ ខណៈដែលអនុវិស័យអចលនទ្រព្យរំពឹងថា នៅបន្តសម្រេចបានកំណើន​ទាប​ជាងនិន្នាការធម្មតា៕

ដោយ៖ សហការី​


ចែករំលែក៖