ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ តាមការដកស្រង់ចេញពីសៀវភៅកម្ពុជាមាតុភូមិខ្ញុំ ស្វាអង្គត់ (Stump-tailed Macaque) មានឈ្មោះវិទ្យាសាស្ត្រ Macaca arctoides ជាប្រភេទកំពុងទទួលរងការគំរាមកំហែង(VU) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានតិចតួចនៅភាគខាងលិចទន្លេមេគង្គ និងមានជាមធ្យមនៅភាគខាងកើតទន្លេមេគង្គនៃប្រទេស។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ស្វាអង្គត់ ជាប្រភេទស្វាដែលចូលចិត្តរស់នៅតំបន់មានរយៈកម្ពស់ខ្ពស់ ព្រៃស្រោង ពាក់កណ្ដាលស្រោង ក្នុងធម្មជាតិ និងព្រៃដុះឡើងវិញដែលមានរយៈកម្ពស់ រហូតដល់ ២០០០ម៉ែត្រ។
ស្វាអង្គត់ មានរូបរាងដូចស្វាត្រោស តែមានមាឌធំជាងបន្តិច មានកន្ទុយខ្លី និងសម្បុរផ្នែកលើនៃដងខ្លួនប្រែប្រួលពីខ្មៅស្រាល ទៅត្នោតស្រាល និងទៅជាក្រហមប្រឿងៗ ដែលប្រែប្រួលទៅតាមអាយុ និងកន្លែងរស់នៅរបស់វា ស្បែកមុខពណ៌ក្រហមត្នោត និងក្រហមខ្លាំងនៅរដូវបន្តពូជ និងនៅពេលអាកាសធាតុក្តៅខ្លាំង រឺឯកូនដែលទើបនឹងកើតមានពណ៌សព្រលែត។
ភាគច្រើនវារស់នៅជាហ្វូង (រហូតដល់ ៥០ក្បាល) រកចំណីលើដី និងស៊ីគ្រាប់រុក្ខជាតិ ផ្លែឈើ មើមឈើ សត្វល្អិត និងប្រភេទសត្វតូចៗជាអាហារ៕
ដោយ៖ សហការី