ខេត្តព្រះវិហារ៖ យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តបានបញ្ជូនម្ចាស់រថយន្តនិងឈើអារប្រភេទសុក្រំឱ្យមន្រ្តីជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តនីតិវិធី។
របាយការណ៍ដដែលបន្តថា កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ បានចុះបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតនៅភូមិវាលធំ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
ជាក់ស្ដែងជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យករថយន្ត១គ្រឿងម៉ាកកាមរី ស៊េរីឆ្នាំ១៩៩៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២C-៤៦៦៧ ឈើអារប្រភេទសុក្រំចំនួន ២០ដុំ ស្មើនឹង ០,៣១៦ម៉ែត្រគូប។ ម្ចាស់រថយន្តឈ្មោះ នុន ម៉ាប់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
បច្ចុប្បន្នម្ចាស់រថយន្តនិងវត្ថុតាងខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត៕
ដោយ៖ សហការី