ព័ត៌មានទាន់ហេតុការណ៍៖

ឃោសនាបោះឆ្នោតរបស់គណបក្ស នយោបាយក្នុងថ្ងៃទីប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អនឹងគ្មានអំពើហិង្សា

ចែករំលែក៖

ភ្នំពេញ ៖ ឃោសនាបោះឆ្នោតរបស់គណបក្ស នយោបាយក្នុងថ្ងៃទីប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អនឹងគ្មានអំពើហិង្សា ។ នេះបើយោងតាម ការចេញសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប ស្ថានភាពទូទៅថ្ងៃទីប្រាំ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។

សូមបញ្ជាក់ ថា : ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ គឺជាថ្ងៃទីប្រាំនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយ របស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិ ទៅដល់ម្ចាស់ឆ្នោត។

ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយដែលធ្វើការឃោសនាបោះឆ្នោតនៅថ្ងៃទីប្រាំនេះ បានធ្វើសកម្មភាពចាក់មេក្រូ ផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងបដានៅទីសាធារណៈ និងជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស។ ចំពោះការឃោសនា ក្នុងរូបភាពជួបប្រជុំនេះដែរ មានតែគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើសកម្មភាពនៅស្ទើរតែ គ្រប់មណ្ឌលបោះឆ្នោត ហើយគណបក្សនយោបាយនេះបានធ្វើសកម្មភាពចាក់បញ្ចាំងស្លាយ (Slide) វីដេអូ ប្រគំតន្ត្រី និងសម្តែងសិល្បៈនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនផងដែរ។

ដោយឡែក គណបក្សនយោបាយ ចំនួន ២ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោត គឺគណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តសៀមរាប និងមណ្ឌលខេត្តកំពង់ចាមនិងគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។ ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្ស នយោបាយក្នុងថ្ងៃទីប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អនឹងគ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

ដោយ ៖ សិលា


ចែករំលែក៖