ខេត្តពោធិ៍សាត់៖ លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញស្រុកបាកាន បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៦ ខែកក្កដាម្សិលមិញ ស្ថិតនៅចំណុចភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក នាង វុធ បានឱ្យដឹងទៀតថា៖ ដោយទទួលបានព័ត៌មានច្បាស់ការពីប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង ចំនួន ០៤នាក់ បានចុះបង្ក្រាប ករណីរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចខាងលើ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១-ឈ្មោះ ហេង ហៀប ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង, ២-ឈ្មោះ ផាត់ ថាញ់ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
វត្ថុតាងដកហូតរួមមាន ៖ ម៉្សៅក្រាមពណ៌ ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់ (ធំ ០១កញ្ចប់, តូច ០២កញ្ចប់) ទម្ងន់ ១,៧៩ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ, ប្រដាប់ជក់ អំពូល ០១កំណាត់, ប្រដាប់ចូកថ្នាំ ០១, បារី ០១កញ្ចប់, ដែកកេះ ០៨ដើម, ថង់រំលែកថ្នាំមួយចំនួន, កាំភ្លើងស្នប់០១ដើម និងលុយខ្មែរចំនួន ៦៥០០៛ ។
លោកអធិការ បានបន្តថា បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង និងបញ្ជូនទៅអធិការដ្ឋានដើម្បីចាត់ការបន្តនីតិវិធី ៕
ដោយ៖ សហការី