ភ្នំពេញ ៖ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ សូមជម្រាបជូនសាធារណ:ជនជ្រាបថា ក្នុងករណីប្រជាពលរដ្ឋទាំងឡាយណា ដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម ប្រជាពលរដ្ឋដែលបានរងគ្រោះអាចទំនាក់ទំនងទៅកាន់លេខ 023 72 68 22 ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០នាទី ដល់ម៉ោង១៧៖៣០នាទី។
សូមអរគុណ។
សូមបញ្ជាក់ថា : កន្លងទៅ ធនាគារជាតិ នៃកម្ពុជាបានចេញ សេចក្ដីថ្លែងការណ៍រួម រវាង ធនាគារជាតិនៃកម្ពុជា និង អគ្គស្នងការដ្ឋាននគរបាលជាតិដោយបញ្ជាក់ថា : នាពេលថ្មីៗនេះ យើងសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយនិងផ្តល់សេវាហិរញ្ញវត្ថុ ក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្តាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយបានធ្វើឱ្យ សាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គមតាមរយៈ ការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនិងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ ការណ៍នេះបានជះឥទ្ធិពលដល់ស្ថិរភាព ហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ នៅកម្ពុជាទាំងមូល។
ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកប អាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និង ការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយច្បាប់ ៕
ដោយ ៖ សិលា