ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលជំនាញវះកាត់ចោះ ដែលផ្តោតលើគ្រូពេទ្យផ្នែកវះកាត់ សម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យកាល់ម៉ែត (Basic Laparoscopic Workshop for Obstetricians and Gynecologists in Calmette Hospital) ! នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។
ដោយអនុវត្តន៍តាមគោលការណ៍បណ្តុះបណ្តាល និងអភិវឌ្ឍន៍ជាប្រចាំសមត្ថភាពរបស់គ្រូពេទ្យវះកាត់ មន្ទីរពេទ្យកាល់ម៉ែត បានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវះកាត់ចោះ ដែលផ្តោតលើគ្រូពេទ្យផ្នែកវះកាត់សម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានរយៈពេល ២ថ្ងៃ ត្រូវនឹងថ្ងៃទី០៦ និង ០៧ ខែកក្កដា ឆ្នាំ២០២៣។
នេះជាលើកទី៣ មកហើយ ដែលមន្ទីរពេទ្យកាល់ម៉ែតបានប្រារព្ធឡើងនូវសិក្ខាសាលា ដោយមានការចូលរួមបណ្តុះបណ្តាលផ្ទាល់ពីគ្រូបង្គោលជាគ្រូពេទ្យឯកទេសផ្នែកវះកាត់នៃមន្ទីរពេទ្យកាល់ម៉ែតសុទ្ធសាធ និងដែលធ្លាប់បានឆ្លងកាត់ការបណ្តុះបណ្តាលជាគ្រូបង្គោលពីសំណាក់អ្នកជំនាញនៃសាកលវិទ្យាល័យ យូតាស (University of UTAH) សហរដ្ឋអាមេរិក។ ក្រោយការបណ្តុះបណ្តាលនេះ ក្រុមគ្រូបង្គោលបានវាយតំលៃខ្ពស់ដល់ការខិតខំប្រឹងប្រែង និងលទ្ធផលល្អ របស់សិក្ខាកាមទាំងអស់។ ក្រុមការងារមន្ទីរពេទ្យកាល់ម៉ែត នឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលនេះជូនដល់វេជ្ជបណ្ឌិត និងនិស្សិតឯកទេស សំដៅពង្រីកវិសាលភាពនៅតាមមន្ទីរពេទ្យទូទាំងប្រទេសកម្ពុជា ដែលពិតជាមានសារៈសំខាន់ធំធេងក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្ដទុកដាក់គិតគូរជួយឧបត្ថម្ភគាំទ្រ និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល ៕
ដោយ ៖ សហការី