ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា ពូជស្រូវក្រអូបថ្មីឈ្មោះចំប៉ីស៧០ (CPS70) មានវត្តមានហើយ។ អូស្ត្រាលីសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់អោយប្រើប្រាស់ CPS70 កាលពីខែមេសាកន្លងមកនេះ ហើយបានចែកចាយគ្រាប់ពូជស្រូវ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation – CRF សហករណ៍កសិកម្ម និងប្រជាកសិករ។
ឥឡូវពូជស្រូវនេះត្រូវបានដាំដុះ ហើយឆាប់ៗខាងមុខ នេះ អ្នកនឹងអាចទិញស្រូវដែលប្រមូលបានពីទីផ្សារដែលនៅក្បែរៗអ្នក។ CPS70 គឺជាលទ្ធផលប្រកប ដោយមោទនភាពនៃកិច្ចសហការរវាងប្រទេសអូស្ត្រាលី និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។
វាជាពូជស្រូវថ្មីបង្កាត់ចេញពីពូជស្រូវកម្ពុជាដែលទទួលបានពានរង្វាន់ចំនួនប្រាំដងគឺពួជស្រូវផ្ការំដួល។
វាជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ហើយអាចប្រមូលផលបានក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ ហើយ ដោយសារភាពធន់ខ្ពស់ អាចដាំដុះបាន ២ ទៅ ៣ ដងក្នុងមួយឆ្នាំ បង្កើនបរិមាណផលិតកម្ម និងប្រាក់ចំណូលប្រចាំឆ្នាំ។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា កាល ពីឆ្នាំ២០២២កម្ពុជាបាននាំចេញអង្ករចំនួន៦៣៧.០០៤ តោន មានតម្លៃ ៤១៤ លានដុល្លារអាមេរិក និងស្រូវមិន ទាន់កិនចំនួន ៣,៤ លានតោន ដែលមានតម្លៃ ១,២ ពាន់លានដុល្លារ។
កសិករម្នាក់មកពីខេត្តបន្ទាយមានជ័យ បានចែករំលែកចំណាប់អារម្មណ៍លើការដាំដុះ CPS70។ អ្នកស្រីបានបញ្ជាក់ថា ជាធម្មតាអ្នកស្រីតែងទុកដីស្រែ៧ហិកតាឱ្យទំនេររយៈពេលកន្លះឆ្នាំសិន។ ប៉ុន្តែអ្នកស្រី សង្ឃឹមថានឹងទទួលបានផលច្រើនជាងមុនពីការដាំដុះស្រូវ CPS70 នេះ ពី២ទៅ៣ដងក្នុង១ឆ្នាំ៕
ដោយ៖ សូរិយា