សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ ផ្នែកជាច្រើននៃទីក្រុងប្រវត្តិសាស្រ្តមួយចំនួនរបស់ឥណ្ឌាដូចជា វរីនដាវ៉ាន (Vrindavan) និងទីក្រុងម៉ាធូរ៉ា (Mathura) ពោរពេញដោយទឹកជំនន់ដែលជន់ឡើងពីទន្លេយ៉ាមូណា (Yamuna) ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសឥណ្ឌា បណ្តាលឱ្យទឹកទន្លេនោះចាល់ឡើងខ្លាំង។អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់) ស្ថានភាពទឹកតាមដងទន្លេក្នុងទីក្រុង Mathura របស់រដ្ឋអ៊ុតថា ប្រាដែស (Uttar Pradesh) មានកម្ពស់ ១.៦ ម៉ែត្រ។ ខណៈដែលអ្នកស្រុករាប់ពាន់នាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាពឬផ្លាស់ទៅផ្ទះសាច់ញាតិរបស់ខ្លួននោះ ក៏មានអ្នកខ្លះទៀតត្រូវជាប់នៅក្នុងផ្ទះដោយសារតែភក់និងទឹកលិចក្នុងសប្តាហ៍នេះផងដែរ។
ទោះបីជាមន្ត្រីរដ្ឋាភិបាលនិយាយថា ពេលនេះទឹកកំពុងស្រកចុះក៏ដោយ ប៉ុន្តែបានបន្សល់ទុកនូវសំរាមនិងដីល្បាប់ រួមនឹងក្លិនស្អុយ ដែលបង្កើនការព្រួយបារម្ភអំពីជំងឺផ្សេងៗ។ បើតាមរូបភាពវីដេអូអំពីទីក្រុងនេះបានបង្ហាញឱ្យឃើញនូវទឹកលិចផ្លូវជម្រៅត្រឹមចង្កេះ ខណៈដែលយានជំនិះត្រូវទុកចោលក្នុងទឹកប្រៀបដូចជាកោះមួយយ៉ាងដូច្នោះដែរ៕
ដោយ៖ ធីរីណា(រូបថត៖ Wall Street Journal)