ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងដើម្បីចាត់ការតាមផ្លូវច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​ម្នាក់ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០​ ខែកក្កដា​​​ ឆ្នាំ​២០២៣​នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​។

សមត្ថកិច្ចប្រាប់ថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ​ នៅចំណុចបន្ទប់ជួលមួយកន្លែង​ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង០១និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ ការឃាត់ខ្លួនជនសង្ស័យខាងលេី​យោងតាមបណ្តឹងរបស់ឈ្មោះ​ ហន ស្រីល័ក្ខ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ជនសង្ស័យឈ្មោះ​ សុង បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ ប្រាប់ថា​ កាលពីថ្ងៃទី១៧ ខែកក្កដា ជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដា​ ZOOMER- X ពណ៌ក្រហមលាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប 1AC-4561 នៅមុខបន្ទប់ជួលរបស់ខ្លួនដូចរាល់ដង លុះព្រឹកឡើងជនរងគ្រោះរៀបចំចេញទៅធ្វើការស្រាប់តែទ្វារបន្ទប់ជាប់បើកមិនចេញ ដោយជនសង្ស័យបានយកលួសសរសៃចងភ្ជាប់នឹងទ្វារ​ ហេីយជនរងគ្រោះបានទូរស័ព្ទហៅអ្នកជិតខាងឱ្យជួយបើកទ្វារ​ ពេលបេីកទ្វារស្រាប់តែបាត់ម៉ូតូតែម្ដង។ 

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​បានសារ​ភាពថា​ ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូ​របស់ជនរងគ្រោះពិតប្រាកដមែន។ ផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាង​ជាក់ស្តែង​ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ​ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធខេត្តចាត់ការបន្ត។ 

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។ 

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត​អនុវត្តតាមនីតិវិធី​។ ចំណែកវត្ថុតាង​ម៉ូតូ​ត្រូវបានកម្លាំងកងរាជអាវុហត្ថ​ ប្រគល់ជូនម្ចាស់ដេីមវិញ៕

ដោយ ៖ វណ្ណា


ចែករំលែក៖